យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃសៅរ៍ (០៥ មេសា) ថា ទាហានអ៊ីស្រាអែល ត្រូវបានដាក់ពង្រាយទៅកាន់ច្រករបៀងសន្តិសុខដែលទើបបង្កើតថ្មី នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីបភាគខាងត្បូង ខណៈសម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស បានកើនឡើងជាច្រើនសប្តាហ៍ទៅក្នុងសង្រ្គាមដ៏ធំជាថ្មី។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃពុធ បានប្រកាសពីច្រករបៀង Morag ថ្មី ហើយបង្ហើបថា ខ្លួននឹងកាត់ផ្តាច់ទីក្រុង Rafah ភាគខាងត្បូង - ដែលអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀស - ចេញពីទឹកដីតំបន់ហ្កាហ្សាផ្សេងទៀត។ សេចក្តីថ្លែងការណ៍របស់យោធានិយាយថា កងទ័ពដែលមានកងពលលេខ៣៦ ត្រូវបានដាក់ពង្រាយ ប៉ុន្តែភ្លាមៗនោះ គេមិនទាន់ដឹងថាមានចំនួនប៉ុន្មាន ឬនៅកន្លែងណាពិតប្រាកដនៃច្រករបៀងថ្មីនោះទេ។

ផែនទីដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានបង្ហាញពីច្រករបៀង Morag រត់កាត់ទទឹងនៃច្រកឆ្នេរដ៏តូចចង្អៀតពីខាងកើត ទៅខាងលិច។ លោក Netanyahu និយាយថា ច្រកថ្មីនេះនឹងក្លាយជា “ច្រករបៀង Philadelphia ទីពីរ” ដោយសំដៅទៅលើផ្នែកហ្កាហ្សា នៃព្រំដែនជាមួយនឹងអេហ្ស៊ីប ទៅកាន់ភាគខាងត្បូង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល តាំងពីខែឧសភាកន្លងទៅ។
កាលពីខែមុន អ៊ីស្រាអែលបានបំផ្លាញបទឈប់បាញ់ហ្កាហ្សា ដោយការទម្លាក់គ្រាប់បែកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីព្យាយាមដាក់សម្ពាធក្រុមហាម៉ាស ឱ្យទទួលយកលក្ខខណ្ឌថ្មីដែលបានស្នើឡើងសម្រាប់បទឈប់បាញ់ដែលមានតាំងពីខែមករាមក។ ប្រជាជនប៉ាឡេស្ទីនជាច្រើនត្រូវបានសម្លាប់ និងភៀសខ្លួននៅក្នុងការវាយប្រហារជាថ្មីនេះ៕

