ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយកាលពីថ្ងៃសៅរ៍ (០៥ មេសា) ថា ប្រជាជនប្រមាណ ១,៩លាននាក់ នៅក្នុងតំបន់ហ្កាហ្សា ឬប្រហែល ៩០ភាគរយ នៃចំនួនប្រជាជនសរុប ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ដោយពុំមានផ្ទះសម្បែងត្រឹមត្រូវ ស្របពេលមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ក្នុងសង្រ្គាមដ៏បង្ហូរឈាមដោយកងកម្លាំងអ៊ីស្រាអែល។
ក្នុងចំណោមអ្នកដែលត្រូវភៀសខ្លួនទាំងនោះ មានកុមាររាប់ពាន់នាក់នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ដែលត្រូវបានលងបន្លាចដោយការភ័យខ្លាចយ៉ាងទូលំទូលាយដោយសារការវាយប្រហារ ខណៈការស្លាប់យ៉ាងច្រើនកើតមានស្ទើរតែរាល់ថ្ងៃ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅជិតបូព៌ា (UNRWA) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ការដួលរលំនៃបទឈប់បាញ់រយៈពេលពីរខែដ៏ផុយស្រួយ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា មក បានបង្កឱ្យមានរលកថ្មីនៃការភៀសខ្លួន ដោយប៉ះពាល់ដល់មនុស្សជាង ១៤២.០០០នាក់ ក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៥០.៦៦៩នាក់ និងរបួស ១១៥.២២៥នាក់ ចាប់តាំងពីការប្រយុទ្ធគ្នាចុងក្រោយរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣ មក នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរសុខាភិបាលហ្កាហ្សា នៅថ្ងៃសៅរ៍ដដែលនោះ៕

