ពោធិ៍សាត់៖ ក្រុមយុវជនក្នុងស្រុកបាកាន កំពុងផុសផុល ក្នុងការហាត់សមរាំចង្វាក់ប្រជាប្រិយខ្មែរ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ឆ្នាំ២០២៥ ដោយពួកគាត់បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តចំពោះការបង្កើតឲ្យមានកម្មវិធីប្រកួតរាំចង្វាក់ខ្មែរនេះឡើង ក្នុងស្រទាបយុវជនមកពីឃុំទាំង៩ ក្នុងស្រុកបាកាន យុវជនក្រៅប្រព័ន្ធ និងក្នុងស្រទាប់មន្ត្រីរាជការនិងគ្រូបង្រៀនក្នុងស្រុកបាកាន ។
គួរឲ្យដឹងដែរថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ ក្រុមការងារចុះជួយស្រុកបាកាន សហការជាមួយរដ្ឋបាលស្រុកបាកាន នឹងរៀបចំ សង្ក្រាន្តបាកានឆ្នាំ២០២៥ នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ដែលជាព្រឹត្តិការណ៍ ធំជាងគេប្រចាំស្រុកបាកាន ដោយមានកម្មវិធី ជាច្រើនដូចជាការប្រកួតល្បែង ប្រជាប្រិយខ្មែរ, កម្មវិធីប្រឡងរាំចង្វាក់ដោយមាន១៨ក្រុមចូលរួមប្រកួត , កម្មវិធី រាំវង់ធំទេវតា មានអ្នកចូលរួមរាំជុំគ្នាប្រមាណ១៥០០នាក់ , ការប្រគុំតន្ត្រីមានការចូលរួមពីតារាចម្រៀងល្បីៗមកពីរាជធានីភ្នំពេញ , និងមានក្រុមឌីជេ ចាក់ភ្លេងរាំកំសាន្តជុំគ្នាផងដែរ ៕