ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃអាទិត្យ៦ មេសាថា ប្រទេសជាង៥០បានទាក់ទងទៅកាន់សេតវិមានដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ផ្តើមដំឡើងពន្ធថ្មី ខណៈក្រុមមន្ត្រីទាំងនោះ បានការពារការដំឡើងពន្ធដែលបានធ្វើឲ្យខាតបង់តម្លៃជិត៦សែនកោដិដុល្លារពីភាគហ៊ុននានារបស់អាមេរិកកាលពីសប្តាហ៍មុន និងបានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចដែលបានទ្រុឌទ្រោមស្រាប់។

នៅក្នុងកម្មវិធីពិភាក្សាពេលព្រឹកថ្ងៃអាទិត្យ ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក Trump បានព្យាយាមបង្ហាញការដំឡើងពន្ធថាជាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកនៅក្នុងសណ្ដាប់ពាណិជ្ជកម្មពិភពលោក។ ពួកគេក៏បានព្យាយាមកាត់បន្ថយការប៉ះទង្គិចសេដ្ឋកិច្ចពីភាពច្របូកច្របល់កាលពីសប្តាហ៍មុនផងដែរ មុនពេលការបើកទីផ្សារភាគហ៊ុនអាស៊ី ដែលរំពឹងទុកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថាប្រទេសជាង ៥០ បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកចាប់តាំងពីការប្រកាសកាលពីថ្ងៃពុធសប្ដាហ៍មុនរបស់លោកTrump។
ទាំងលោក Bessent ទាំងមន្ត្រីផ្សេងទៀត ពុំបានបញ្ចេញឈ្មោះប្រទេស ឬផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានោះទេ។ ប៉ុន្តែការចរចាក្នុងពេលដំណាលគ្នាជាមួយប្រទេសជាច្រើនអាចបង្កឱ្យមានបញ្ហាប្រឈមខាងភស្តុភារសម្រាប់រដ្ឋបាលលោក Trump និងអូសបន្លាយភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។

លោក Trump បានធ្វើឲ្យរង្គោះរង្គើសេដ្ឋកិច្ចជុំវិញពិភពលោកបន្ទាប់ពីលោកបានប្រកាសការដំឡើងពន្ធដ៏ច្រើនលើការនាំចូលទៅអាមេរិក ដែលនាំឲ្យមានការប្រកាសសងសឹកពីប្រទេសចិន និងបង្កឲ្យមានក្ដីបារម្ភពការរីកធំនៃសង្រ្គាមពាណិជ្ជកម្ម និងឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក៕