បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប នឹងព្យាយាមបង្ហាញរណសិរ្សរួបរួម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយទំនងជានឹងអនុម័តនូវវិធានការវាយបកលើគោលដៅដំបូងនៃការនាំចូលរហូតដល់ ២៨ពាន់លានដុល្លាររបស់អាមេរិក លើទំនំនិញជាច្រើនមុខ រាប់ចាប់ពីសរសៃអំបោះសម្អាតធ្មេញ រហូតដល់ត្បូងពេជ្រ។

ការវាយបកបែបនេះនឹងមានន័យថា សហភាពអឺរ៉ុបចូលរួមជាមួយចិន និងកាណាដា ក្នុងការដំឡើងពន្ធសងសឹកលើអាមេរិក ដែលជាការកើនឡើងដំបូងនៃអ្វីដែលពិភពលោកភ័យខ្លាចនឹងក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មសកលដ៏ធំ ហើយអាចធ្វើឱ្យទំនិញឡើងថ្លៃកប់ពពកសម្រាប់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ និងជំរុញឱ្យសេដ្ឋកិច្ចជុំវិញពិភពលោកធ្លាក់ចូលក្នុងវិបត្តិ។

ប្លុកអឺរ៉ុប ២៧ប្រទេសនេះ ប្រឈមមុខនឹងពន្ធនាំចូល ២៥% លើដែកថែប និងអាលុយមីញ៉ូម និងរថយន្ត ព្រមទាំងពន្ធ "បដិការ" ចំនួន ២០% ចាប់ពីថ្ងៃពុធ ០៩ មេសា ខាងមុខ សម្រាប់ទំនិញស្ទើរតែទាំងអស់ផ្សេងទៀតដែលចូលទៅអាមេរិក។ ពន្ធរបស់លោក Trump គ្របដណ្តប់ប្រហែល ៧០% នៃការនាំចេញរបស់អឺរ៉ុប ទៅកាន់អាមេរិក - ដែលមានតម្លៃសរុប ៥៣២ពាន់លានអឺរ៉ូ (៥៨៥ ពាន់លានដុល្លារ) កាលពីឆ្នាំមុន - ហើយពន្ធលើទង់ដែង ឱសថ គ្រឿងបន្ទះឈីប និងឈើ ទំនងជានៅតែមានបន្តទៀត។

គណៈកម្មការអឺរ៉ុប ដែលសម្របសម្រួលគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នឹងស្នើដល់សមាជិកនៅល្ងាចថ្ងៃចន្ទ (០៧ មេសា) នេះ នូវបញ្ជីផលិតផលអាមេរិក ដែលត្រូវជាប់ពន្ធ ដើម្បីឆ្លើយតបទៅនឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក Trump ជាជាងការយកពន្ធបដិការដ៏ទូលំទូលាយ។ ទំនិញអាមេរិកដែលនឹងរងពន្ធសងសឹកទាំងនោះ រួមមានសាច់សត្វ គ្រាប់ធញ្ញជាតិ ស្រា ឈើ និងសម្លៀកបំពាក់ ព្រមទាំងស្ករកៅស៊ូ អំបោះសម្អាតធ្មេញ ម៉ាស៊ីនបូមធូលី និងក្រដាសអនាម័យបង្គន់ជាដើម៕
