ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និយាយថា ខ្លួនបានបាញ់គ្រាប់រ៉ូកែតដាក់លើទីក្រុងនានានៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (០៦ មេសា) ជាការឆ្លើយតបទៅនឹង "ការសម្លាប់រង្គាល" របស់អ៊ីស្រាអែល លើជនស៊ីវិលនៅតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល និយាយថា មីស៊ីលប្រហែល ១០គ្រាប់ត្រូវបានបាញ់ ប៉ុន្តែភាគច្រើនត្រូវស្ទាក់ចាប់ដោយជោគជ័យ ហើយក៏មានការប៉ះទង្គិចដោយផ្ទាល់នៅក្នុងទីក្រុង Ashkelon ភាគខាងត្បូង។

សេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល និយាយថា ពួកគេកំពុងព្យាបាលអ្នករបួសម្នាក់ដោយសារគ្រាប់ផ្លោង ដោយយ៉ាងហោចណាស់មនុស្ស ១២នាក់ រងរបួសស្រាលនៅក្រុង Ashkelon ហើយក្រុមការងារកំពុងទៅកាន់ទីតាំងដែលគ្រាប់រ៉ូកែតបានធ្លាក់។ វីដេអូផ្សព្វផ្សាយដោយសេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល បង្ហាញកញ្ចក់រថយន្ត និងកម្ទេចកម្ទីដែលខ្ទេចខ្ទាំនៅតាមដងផ្លូវក្នុងទីក្រុង។

ភ្លាមៗបន្ទាប់ពីការបាញ់រ៉ូកែតនេះ យោធាអ៊ីស្រាអែលបានបង្ហោះនៅលើបណ្ដាញសង្គម X នូវបញ្ជាជម្លៀសថ្មី ដោយណែនាំអ្នកស្រុកជាច្រើននៅក្នុងទីក្រុង Deir Al-Balah នៅកណ្តាលហ្កាហ្សាស្ទ្រីប ឱ្យចាកចេញពីតំបន់របស់ពួកគេ ដោយសារមានការបាញ់គ្រាប់រ៉ូកែតពីទីនោះ។

ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។ យោធាអ៊ីស្រាអែលបន្ថែមថា ខ្លួនវាយប្រហារជើងទម្របាញ់រ៉ូកែត ដែលគ្រាប់ផ្លោងត្រូវបាញ់ចេញពីតំបន់ហ្កាហ្សាស្ទ្រីប៕