អ៊ីរ៉ង់៖ អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់និយាយថា កិច្ចព្រមព្រៀងដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសខ្លួន ជាមួយមហាអំណាចពិភពលោកគឺនឹងឈានដល់គោលដៅ ប៉ុន្តែថា នេះអាស្រ័យលើសុច្ឆន្ទៈរបស់លោកខាងលិច។ រដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian បាននិយាយនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីសកំពុងដំណើរការដោយភាពធ្ងន់ធ្ងរ ហើយថាការដកទណ្ឌកម្មគឺជាអាទិភាពជាមូលដ្ឋាន។
លោក Amir-Abdollahian បាននិយាយថា “កិច្ចព្រមព្រៀងល្អអាចទៅដល់បាន ប្រសិនបើប្រទេសលោកខាងលិចបង្ហាញឆន្ទៈស្មោះត្រង់។ យើងស្វែងរកការសន្ទនាដែលមានភាពសមស្រប មានសុទិដ្ឋិនិយម និងមានលទ្ធផល។ កិច្ចចរចាមានគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកមួយចំនួនដូចជាអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានបន្តកាលពីថ្ងៃចន្ទបន្ទាប់ពីអ៊ីរ៉ង់បានផ្អាកកាលពីខែមិថុនា បន្ទាប់ពីការបោះឆ្នោតរបស់ប្រធានាធិបតីប្រកាន់តឹងលោក Ebrahim Raisi។ សហរដ្ឋអាមេរិកដែលបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ កំពុងចូលរួមក្នុងការចរចានេះដោយប្រយោល ដោយសារតែការទទូចមិនឲ្យមានការចូលរួមដោយផ្ទាល់ពីអ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន