ប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ហ្កាហ្សាកំពុងឈានដល់ដំណាក់កាលជិតដួលរលំ ដោយសារតែអ៊ីស្រាអែល បន្តវាយប្រហារឥតឈប់ឈរ និងរារាំងការចូលនៃជំនួយមនុស្សធម៌ ទន្ទឹមនឹងមន្ទីរពេទ្យជាច្រើន គ្របដណ្តប់ដោយការហូរចូលឥតឈប់ឈរនៃជនស៊ីវិលដែលរងរបួស ហើយអ្នកជំងឺជាច្រើន ទៀត មិនត្រូវបានព្យាបាល។ក្រុមអ្នកសង្រ្គោះនិយាយថាការវាយប្រហារថ្មីរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ លើហ្កាហ្សា បានសម្លាប់មនុស្ស៤៤នាក់។

ស្ថានការណ៍ក្នុងមន្ទីរពេទ្យនៅដែនដីហ្កាហ្សាកំពុងដុនដាបយ៉ាងឆាប់រហ័សក្លាយជាមហន្តរាយ។ មន្ទីរពេទ្យ Al-Ahli Baptist បានក្លាយជាមជ្ឈមណ្ឌលបឋមសម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដែលរងរបួសនៅក្នុងទីក្រុងហ្កាហ្សា ដោយគ្រប់ជ្រុងនៃកន្លែងទាំងអស់មានសភាពទ្រុឌទ្រោម។

បុគ្គលិកពេទ្យបានសម្តែងការអសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺ ដែលរងគ្រោះពីការវាយប្រហាររាល់ថ្ងៃរបស់អ៊ីស្រាអែល។

បុគ្គលិកពេទ្យមួយរូបគឺលោក Tamer Sultan បាននិយាយថា រាល់ការវាយប្រហារតាមអាកាសទៅលើអគារខ្ពស់ៗ ឬតំបន់លំនៅដ្ឋានបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួស។
ស្របពេលមានជម្លោះនេះ មិនត្រឹមតែអ្នកជំងឺដោយមានរបួសប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជំងឺរ៉ាំរ៉ៃផងដែរ មិនអាចទទួលបានការព្យាបាលជាមូលដ្ឋាន។ បុគ្គលិកពេទ្យព្រមានថា ជីវិតមនុស្សកំពុងត្រូវបានបាត់បង់ មិនត្រឹមតែដោយសារគ្រាប់បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការខ្វះការថែទាំចាំបាច់ទៀតផង។
ស្របពេលចំនួនអ្នករបួសបន្តកើនឡើង មន្ទីរពេទ្យនានានៅហ្កាហ្សា កំពុងមានសមត្ថភាពទាបខ្លាំង ក្នុងការផ្គត់ផ្គង់ ថ្នាំពេទ្យ និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗ។ ដោយពុំមានវិធីក្នុងបញ្ចូលស្តុកទុកឡើងវិញ ក្រុមមន្ត្រីសុខាភិបាលនិយាយថា លទ្ធភាពក្នុងការព្យាបាលសូម្បីតែករណីបន្ទាន់បំផុតក៏ធ្លាក់ចុះដែរ។គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានចេញការប្រកាសអាសន្នអំពីវិបត្តិសុខភាពនៅហ្កាហ្សា ដោយបញ្ជាក់ថា ការផ្អាកជំនួយមនុស្សធម៌បាននាំឱ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត៕