ក្រុមបាតុករអ៊ីស្រាអែល រាប់ពាន់នាក់បានបន្តចេញតវ៉ាពាសពេញដងផ្លូវនៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ (០៥ មេសា) ជាផ្នែកនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជាប្រចាំ និងការបន្តប្រឆាំងនឹងប្រតិបត្តិការយោធាលើតំបន់ហ្កាហ្សា ដោយទាមទារឱ្យមានបទឈប់បាញ់ ដើម្បីនាំយកចំណាប់ថ្នូរក្នុងដៃក្រុមហាម៉ាសមកវិញ។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោករបស់ពួកគេឡើងវិញនៅហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា ស្របពេលមានការបន្តចរចារបទឈប់បាញ់។ ការតវ៉ាជាប្រចាំនៅអ៊ីស្រាអែល បាននិងកំពុងកើតឡើង ដោយពលរដ្ឋបារម្ភថា ការវាយប្រហារជាថ្មីនេះអាចនឹងធ្វើឱ្យជីវិតចំណាប់ថ្នូរដែលនៅសេសសល់ ជួបហានិភ័យ។

អ្នកតវ៉ាបាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីនាំយកចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញគឺការបញ្ចប់សង្គ្រាមនេះ ហើយបាតុករទាមទារឱ្យអ៊ីស្រាអែល ចរចាជាមួយក្រុមហាម៉ាស។

ការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល កាលពីខែមុន បង្ហាញថា អ្នកឆ្លើយតប ៦៩% គាំទ្រឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមជាថ្នូរនឹងកិច្ចព្រមព្រៀងដែលនឹងដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់នៅហ្កាហ្សា ខណៈតួលេខ ២១% ប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ៕