អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យមួយកាលពីថ្ងៃអាទិត្យ លើការសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន១៥នាក់នៅជិតទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីខែមុន បន្ទាប់ពីវីដេអូបានបង្ហាញផ្ទុយពីព័ត៌មាននរបស់យោធាអ៊ីស្រាអែលអំពីឧបទ្ទវហេតុនេះ។

ក្រុមគ្រូពេទ្យសង្គ្រោះបឋម និងគ្រូពេទ្យសង្គ្រោះបន្ទាន់ចំនួន ១៥នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី ២៣ ខែមីនា ហើយត្រូវបានកប់នៅក្នុងផ្នូរដ៏រាក់ ជាកន្លែងដែលសាកសពរបស់ពួកគេច្រើននាក់ត្រូវបានរកឃើញមួយសប្តាហ៍ក្រោយមកដោយក្រុមមន្ត្រីមកពីអង្គការសហប្រជាជាតិនិងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។
ដំបូងឡើយ យោធាអ៊ីស្រាអែលបាននិយាយថា ទាហានបានបើកការបាញ់ប្រហារទៅលើយានយន្ត ដែលចូលទៅជិតទីតាំងរបស់ពួកគេ «គួរឱ្យសង្ស័យ» នៅក្នុងទីងងឹតដោយគ្មានពន្លឺភ្លើង ឬសញ្ញាសម្គាល់អ្វីឡើយ។ យោធានិយាយថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៩នាក់មកពីក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមនិយមដែលកំពុងធ្វើដំណើរក្នុងរថយន្តអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។

ប៉ុន្តែវីដេអូ ដែលបានរកឃើញពីទូរស័ព្ទដៃរបស់អ្នកស្លាប់ម្នាក់ ហើយត្រូវបានផ្សព្វផ្សាយដោយអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បង្ហាញបុគ្គលិកសង្គ្រោះបន្ទាន់មានពាក់ឯកសណ្ឋានរបស់ពួកគេ ហើយមានស្លាកសម្គាល់យ៉ាងច្បាស់លាស់ជារថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គីភ័យ ដោយមានបើកភ្លើង ប៉ុន្តែត្រូវបានបាញ់ដោយទាហាន។ អង្គការសហប្រជាជាតិ ក៏បានទាមទារឱ្យមានការស៊ើបអង្កេតនេះផងដែរ។