មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te និយាយថា រដ្ឋាភិបាលរបស់លោកគ្មានផែនការសងសឹកប្រឆាំងការដំឡើងពន្ធ«បដិការ» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ ដោយសង្កត់ធ្ងន់លើជំហរស្វែងរកដំណោះស្រាយតាមរយៈការចរចា។

លោក Lai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា កោះតៃវ៉ាន់គ្មានផែនការសម្រាប់ចំណាត់ការសងសឹកក្នុងការឆ្លើយតបទៅនឹងការដំឡើងពន្ធ៣២ភាគរយ ដែលត្រូវបានប្រកាសដោយលោក Trump នោះទេ។ លោក ក៏បាននិយាយដែរថា វាចាំបាច់ដើម្បីបញ្ជាក់ឱ្យច្បាស់ពីការរួមចំណែករបស់កោះតៃវ៉ាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

លោក Lai បានលើកឡើងពីការទិញទំនិញអាមេរិកទ្រង់ទ្រាយធំ រួមមានផលិតផលកសិកម្ម ឧស្សាហកម្ម និងឧស្ម័នធម្មជាតិ ព្រមទាំងការពង្រីកការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក និងការលុបបំបាត់របាំងពុំមែនការដំឡើងពន្ធ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Lai កំពុងស្វះស្វែងដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ដែលគាំទ្រសន្តិសុខរបស់កោះតៃវ៉ាន់ ក្នុងពេលមានសម្ពាធកើនឡើងពីសំណាក់ប្រទេសចិន។