យោងតាមមជ្ឈមណ្ឌលសម្រាលគ្រោះមហន្តរាយភ្នំភ្លើងនិងភូមិសាស្ត្រ បានឲ្យដឹងថា ភ្នំភ្លើង Dukono ដែលស្ថិតនៅក្នុងខេត្ត Maluku ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យមានការព្រមានពីផ្នែកអាកាសចរណ៍និងការណែនាំអំពីសុវត្ថិភាព។

ការផ្ទុះ កើតឡើងនៅវេលាម៉ោង៦និង១១នាទីយប់ម៉ោងក្នុងស្រុក នៅតំបន់ North Halmahera ដោយបានបញ្ជូនផេះភ្នំភ្លើងកម្ពស់ដល់៣.៣០០០ម៉ែត្រទៅលើអាកាស។ ពពកសដែលមានកម្រិតពីមធ្យមទៅក្រាស់បានរសាត់ទៅភាគខាងជើងពីមាត់ភ្នំភ្លើង។

ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះភ្នំភ្លើងទៅលើការធ្វើដំណើរតាមផ្លូវអាកាស សេចក្តីជូនដំណឹងរបស់អង្គការឃ្លាំមើលភ្នំភ្លើងសម្រាប់ផ្នែកអាកាសចរណ៍ ត្រូវបានចេញនៅកម្រិតពណ៌លឿងទុំ ជាការប្រកាសអាសន្នខ្ពស់បំផុតទីពីរ ដោយហាមយន្តហោះមិនឱ្យហោះហើរក្រោមកម្ពស់៥.០០០ម៉ែត្រ នៅក្នុងតំបន់ជុំវិញភ្នំភ្លើង។ អាកាសយានិក ក៏ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្នចំពោះផេះភ្នំភ្លើងដែលអាចរំខានដល់ការហោះហើរ។
សហគមន៍ដែលកំពុងរស់នៅលើជម្រាលភ្នំភ្លើង ព្រមទាំងភ្ញៀវនិងអ្នកទេសចរ ត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពទាំងអស់ក្នុងរង្វង់៤គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។ ប្រជាជននៅតំបន់ក្បែរនោះ ក៏ត្រូវបានណែនាំផងដែរ ឱ្យរក្សាការពាក់របាំងមុខ ឬបិទបាំងមុខដែលត្រៀមជាស្រេចដើម្បីការពារប្រព័ន្ធផ្លូវដង្ហើមរបស់ពួកគេ ពីផលប៉ះពាល់ដោយផេះ។