អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយកាលពីថ្ងៃអាទិត្យ (០៦ មេសា) នៅក្នុងសារជាសំឡេងទៅកាន់អ្នកកាសែតថា តួលេខអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏មហន្តរាយ បានកើនឡើងដល់ ៣.៥៦៤នាក់ហើយ និងមនុស្ស ៥.០១២នាក់ផ្សេងទៀតបានរងរបួស ហើយ ២១០នាក់កំពុងបាត់ខ្លួន។

ជាមួយគ្នានេះ នៅល្ងាចថ្ងៃអាទិត្យ ប្រជាជនក្នុងតំបន់រងគ្រោះដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ា បានត្រៀមទប់ទល់ផ្គររន្ទះដ៏ធំ និងអាកាសធាតុមិនល្អ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកកាលពីយប់ថ្ងៃសៅរ៍ បានរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ និងសម្រាលបន្ទុក ហើយបានបន្ថែមទុក្ខវេទនាដល់មនុស្សជាច្រើន ដែលបានបាត់បង់ផ្ទះសម្បែងក្នុងគ្រោះមហន្តរាយ ហើយត្រូវបង្ខំចិត្តសម្រាកនៅទីវាល។

ទូរទស្សន៍ MRTV គ្រប់គ្រងដោយរដ្ឋរបស់មីយ៉ាន់ម៉ា បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ អាចកើតមាននៅទូទាំងប្រទេសសម្រាប់សប្តាហ៍ក្រោយ ដោយប្រាប់ពលរដ្ឋឱ្យត្រៀមទប់ទល់បញ្ហាអាកាសធាតុនេះ។

គួររម្លឹកថា ចំណុចកណ្តាលនៃរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា គឺនៅជិតទីក្រុង Mandalay ដែលជាក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។ មហន្តរាយនេះបានវាយលុកយ៉ាងទូលំទូលាយ ដោយបង្កការខូចខាតយ៉ាងខ្លាំងដល់តំបន់ និងរដ្ឋចំនួន៦ រួមទាំងរដ្ឋធានីណៃពិដោ និងប្រទេសជិតខាងជាច្រើនផងដែរ៕