មន្ត្រីរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ មេសា ថា កុមារទី ២ ដែលមានជំងឺកញ្ជ្រឹល បានស្លាប់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក្នុងការផ្ទុះឡើងជំងឺលើកុមារដែលបានបណ្តាលឱ្យមានជិត៥០០ករណីនៅក្នុងរដ្ឋតិចសាស់ និងបានរាលដាលនៅទូទាំងរដ្ឋចំនួន២២។

ក្រសួងសេវាសុខភាពរបស់រដ្ឋតិចសាស់ បាននិយាយថា កុមារមានអាយុចូលរៀន ដែលពុំបានទទួលវ៉ាក់សាំងបង្ការ និងពុំមានស្ថានភាពសុខភាពជាមូលដ្ឋាន បានស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺកញ្ជ្រឹល។
វាគឺជាករណីស្លាប់លើកទីពីររបស់កុមារនៅក្នុងរដ្ឋតិចសាស់ ចាប់តាំងពីការផ្ទុះឡើងជំងឺកញ្ជ្រឹល បានចាប់ផ្តើមកាលពីចុងខែមករា។

រដ្ឋមន្ត្រីសេវាសុខភាព លោក Robert F Kennedy Jr នៅក្នុងការបង្ហោះនៅលើបណ្តាញ X បានកំណត់អត្តសញ្ញាណកុមារ ឈ្មោះ Daisy Hildebrand អាយុ៨ឆ្នាំ។ លោក Kennedy ដែលធ្លាប់ជាអ្នកតស៊ូមតិប្រឆាំងវ៉ាក់សាំង និងធ្លាប់បាននិយាយថាការចាក់វ៉ាក់សាំងគឺជាជម្រើសផ្ទាល់ខ្លួន កាលពីថ្ងៃអាទិត្យបាននិយាយថា វ៉ាក់សាំងគឺជាការការពារដ៏ល្អបំផុតដើម្បីប្រឆាំងជំងឺកញ្ជ្រឹល។
លោកបាននិយាយនៅក្នុងការបង្ហោះនៅលើ បណ្តាញ X. ថា «វិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកញ្ជ្រឹលគឺវ៉ាក់សាំង MMR»។ លោកបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ មានករណីជំងឺកញ្ជ្រឹលចំនួន៦៤២ករណី ត្រូវបានបញ្ជាក់ ដែល៤៩៩ក្នុងចំណោមករណីទាំងនេះ ស្ថិតនៅក្នុងរដ្ឋតិចសាស់។