លោកប្រធានាធិបតី Donald Trump គ្រោងជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ ជាអ្វីដែលនឹងក្លាយជាជំនួបលើកទីពីរនៅសេតវិមាន រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីការវិលត្រឡប់របស់លោក Trump ចូលកាន់តំណែង។

ដំណើរទស្សនកិច្ចនេះ ត្រូវបានបញ្ជាក់ដោយមន្ត្រីសេតវិមាន និងការិយាល័យរបស់លោក Netanyahu កាលពីថ្ងៃសៅរ៍ ស្របពេលអ៊ីស្រាអែល ដាក់ពង្រាយកងទ័ពនៅក្នុងច្រករបៀងសន្តិសុខថ្មីមួយនៅទូទាំងហ្កាហ្សា ដើម្បីដាក់សម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស។ រដ្ឋមន្ត្រីការពារជាតិរបស់លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងដណ្តើមយកតំបន់ធំ ៗ នៃទឹកដីនេះ ហើយដាក់បញ្ចូលទៅក្នុងតំបន់ដែលហៅថាតំបន់សន្តិសុខរបស់ខ្លួនបន្ថែមទៀត។

កាលពីខែមុន អ៊ីស្រាអែល បានបំបែកបទឈប់បាញ់ដោយការទម្លាក់គ្រាប់បែកដ៏គួរឲ្យភ្ញាក់ផ្អើលនៅដែនដីហ្កាហ្សា បន្ទាប់ពីព្យាយាមដាក់សម្ពាធក្រុមហាម៉ាស ឲ្យទទួលយកលក្ខខណ្ឌថ្មី ស្នើឡើងសម្រាប់បទឈប់បាញ់ ដែលជាវិធានការគាំទ្រដោយសេតវិមាន។ ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់។
អ៊ីស្រាអែលបានសន្យាថានឹងបង្កើនសង្គ្រាមនៅតំបន់ហ្កាហ្សារហូតដល់ក្រុមហាម៉ាសប្រគល់ចំណាប់ខ្មាំងនៅសេសសល់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ជាការវាយប្រហារដែលបង្កឱ្យមានសង្រ្គាមដល់បច្ចុប្បន្ន រំលាយក្រុមប្រដាប់អាវុធនេះ និងចាកចេញពីទឹកដីនេះដែរ។ អ៊ីស្រាអែលក៏បានផ្អាកការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ និងជំនួយមនុស្សធម៌ទាំងអស់ទៅកាន់តំបន់ហ្កាហ្សាផងដែរ រហូតមានការព្រមានពីគ្រោះអត់ឃ្លានសម្រាប់ពលរដ្ឋហ្កាហ្សាបច្ចុប្បន្ន។
ការិយាល័យរបស់លោក Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា លោក និងលោក Trump នឹងពិភាក្សាអំពីបញ្ហាការដំឡើងពន្ធ ការខិតខំប្រឹងប្រែងដើម្បីនាំយកចំណាប់ខ្មាំងមកវិញ ទំនាក់ទំនងអ៊ីស្រាអែល និងទួរគី ការគំរាមកំហែងរបស់អ៊ីរ៉ង់ និងការប្រយុទ្ធប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។ អ៊ីស្រាអែល ប្រឈមការដំឡើងពន្ធ ១៧%៕