ជំហានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបណ្តេញប្រមុខទីភ្នាក់ងារសន្តិសុខជាតិ (NSA) និងបញ្ជាការប្រព័ន្ធការពារអ៊ិនធឺណិត របស់សហរដ្ឋអាមេរិក ភ្លាមៗនៅថ្ងៃទី០៣ ខែមេសា គឺជាសកម្មភាពចុងក្រោយបំផុតនៅក្នុងការបញ្ឃប់បុគ្គលិកបន្តបន្ទាប់ ដែលបានប៉ះពាល់ដល់ប្រព័ន្ធការពារអ៊ីនធឺណិតរបស់ប្រទេស ខណៈកំពុងប្រឈមមុខនឹងការវាយប្រហារសម័យទំនើប (Cyber Attacks) ដ៏និរន្តរភាព នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។

ការបណ្តេញមេបញ្ជាការប្រព័ន្ធការពារអ៊ីនធឺណិត លោក Timothy D. Haugh បានកើតឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ដែលរដ្ឋបាលលោក Trump បានកាត់បន្ថយស្ទើរតែទាំងអស់នៃបុគ្គលិកបណ្ដាញការពារអ៊ីនធឺណិត ដែលទាក់ទងនឹងការបោះឆ្នោតរបស់រដ្ឋាភិបាល។
អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត មន្ត្រីរៀបចំការបោះឆ្នោត និងសមាជិកសភា ដែលភាគច្រើនជាអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមួយចំនួន បានចាប់ផ្តើមប្រកាសអាសន្នថា សហរដ្ឋអាមេរិក កំពុងទម្លាក់ប្រព័ន្ធសន្តិសុខអ៊ីនធឺណិតរបស់ខ្លួនឱ្យចុះខ្សោយកាន់តែខ្លាំង ក្នុងពេលដែលពោរពេញដោយចម្លោះប្រហោងរួចទៅហើយ ហើយបានចំណាយពេលមួយទសវត្សរ៍ក្នុងការសាងសង់។
ជាមួយគ្នានេះ រដ្ឋបាលអាមេរិក ក៏បានបង្រួញប្រព័ន្ធព្រមានជាមុនដ៏ស្មុគស្មាញ សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ដោយនោះជាបណ្ដាញដែលក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការជាមួយការិយាល័យសហព័ន្ធស៊ើបអង្កេត និងភ្នាក់ងារស៊ើបការណ៍ ដើម្បីការពារប្រព័ន្ធអគ្គិសនី បំពង់បង្ហូរប្រេង និងបណ្តាញទូរគមនាគមន៍របស់អាមេរិកជាដើម៕

