ឯកសារដែលរៀបចំសម្រាប់កិច្ចពិភាក្សារបស់បណ្ដារដ្ឋមន្ត្រីអឺរ៉ុប បានបង្ហាញថា ក្រុមប្រមុខហិរញ្ញវត្ថុសហភាពអឺរ៉ុប នឹងជួបពិភាក្សាគ្នានៅសប្តាហ៍នេះ អំពីការបង្កើតមូលនិធិការពារជាតិអន្តររដ្ឋាភិបាល ដែលនឹងទិញ និងផលិតគ្រឿងយុទ្ធោបករណ៍ការពារជាតិ ហើយគិតថ្លៃពីសមាជិករបស់ប្លុក សម្រាប់ការប្រើប្រាស់របស់គ្រឿងយោធាទាំងនោះ។
សេចក្ដីព្រាង ដែលធ្វើឡើងដោយសា្ថប័នស្រាវជ្រាវព្រុចស៊ែលនេះ មានឈ្មោះថា យន្តការការពារអឺរ៉ុប (EDM) និងត្រូវដាក់ដោយប្រធានប៉ូឡូញនៃសហភាពអឺរ៉ុប ហើយអាចបង្កើតមូលនិធិការពារជាតិរួមគ្នាដ៏ធំ ដោយមិនបង្កើនកម្រិតបំណុលសាធារណៈជាតិ ដើម្បីទប់ស្កាត់ក្ដីបារម្ភរបស់បណ្ដាប្រទេសដែលមានបំណុលខ្ពស់ជាច្រើន។

ពង្រាងមូលនិធិការពារជាតិនេះនឹងត្រូវពិភាក្សានៅថ្ងៃទី១២ ខែមេសា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប នៅរដ្ឋធានីប៉ូឡូញ រួមទាំងគំនិតផ្តួចផ្តើមហិរញ្ញវត្ថុដែលបានប្រកាសរួចហើយ។ ផែនការនេះគឺជាផ្នែកមួយនៃកិច្ចពិភាក្សារបស់ប្លុក ពីមធ្យោបាយផ្តល់ហិរញ្ញប្បទានដល់ការរៀបចំទប់ទល់នឹងលទ្ធភាពនៃការវាយប្រហារពីរុស្ស៊ី ខណៈរដ្ឋាភិបាលអឺរ៉ុបដឹងថា ពួកគេមិនអាចពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់ពួកគេបានទៀតទេ។
សហភាពអឺរ៉ុប កំពុងសម្លឹងមើលការបង្កើនការចំណាយយោធាចំនួន ៨០០ពាន់លានអឺរ៉ូ រួចទៅហើយ ក្នុងពេល ៤ឆ្នាំខាងមុខ ដោយបន្ធូរបន្ថយឧបសគ្គសារពើពន្ធរបស់ខ្លួនលើការវិនិយោគលើវិស័យការពារជាតិ និងកម្ចីរួមគ្នាសម្រាប់គម្រោងការពារជាតិធំៗ ដើម្បីរក្សាសន្តិសុខនៃថវិកាសហភាពអឺរ៉ុប៕

