ក្រុមកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដ៏មានឥទ្ធិពលជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានត្រៀមរៀបចំរួចជាស្រេចក្នុងការរំសាយអាវុធជាលើកដំបូង ដើម្បីបញ្ចៀសការគំរាមកំហែងនៃជម្លោះកាន់តែខ្លាំងឡើងជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump នេះបើតាមមេបញ្ជាការជាន់ខ្ពស់ ១០រូប និងក្រុមមន្ត្រីអ៊ីរ៉ាក់ បានប្រាប់ទៅសារព័ត៌មានរ៉យទ័រ។
វិធានការដើម្បីបំបាត់ភាពតានតឹងនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានម្តងហើយម្តងទៀត ដែលចេញដោយក្រុមមន្ត្រីអាមេរិកជាឯកជនទៅកាន់រដ្ឋាភិបាលអ៊ីរ៉ាក់ ចាប់តាំងពីលោក Trump ឡើងកាន់អំណាចក្នុងខែមករា នេះបើយោងតាមប្រភពដែលរួមមានមេបញ្ជាការក្នុងស្រុក ៦នាក់នៃកងជីវពលសំខាន់ៗចំនួនបួនបក្ស។

ប្រភពនោះប្រាប់ថា ក្រុមមន្ត្រីអាមេរិក បានប្រាប់ទីក្រុងបាកដាដថា លុះត្រាតែខ្លួនធ្វើសកម្មភាពដើម្បីបំបែកកងជីវពលដែលកំពុងប្រតិបត្តិការនៅលើដីរបស់ខ្លួន បើដូច្នេះទេ អាមេរិកអាចកំណត់គោលដៅលើក្រុមទាំងនោះដោយការវាយប្រហារតាមអាកាស។ អ្នកនយោបាយមូស្លីមនិកាយស៊ីអ៊ីត នៅអ៊ីរ៉ាក់ បាននិយាយថា "ក្រុមកងជីវពលមិនធ្វើសកម្មភាពរឹងរូស ឬទទូចឱ្យបន្តក្នុងទម្រង់បច្ចុប្បន្នទេ" ដោយបន្ថែមថា ក្រុមទាំងនោះ "ដឹងច្បាស់ណាស់" ថាពួកគេអាចជាគោលដៅរបស់អាមេរិក។
មេបញ្ជាការកងជីវពលនិយាយថា សម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកឧបត្ថម្ភរបស់ពួកគេ គឺកងកម្លាំងយោធាសម្រាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអនុញ្ញាតឱ្យពួកគេសម្រេចចិត្តណាមួយដែលចាំបាច់ ដូចជាការទម្លាក់អាវុធនេះជាដើម ដើម្បីបញ្ចៀសការអូសទាញចូលទៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញជាមួយអាមេរិក និងអ៊ីស្រាអែល៕

