រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yuliia Svyrydenko បានប្រាប់សារព័ត៌មាន AP ថា ទីក្រុងគីវនឹងបញ្ជូនក្រុមមួយទៅទីក្រុងវ៉ាស៊ីនតោន ឆាប់ៗនៅសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការចរចាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងផ្តល់ឱ្យអាមេរិក នូវលទ្ធភាពទទួលបានធនធានរ៉ែដ៏មានតម្លៃរបស់អ៊ុយក្រែន។
លោកស្រី Svyrydenko បាននិយាយកាលពីថ្ងៃសៅរ៍ (០៥ មេសា) ថា "ពង្រាងនៃកិច្ចព្រមព្រៀងថ្មីពីអាមេរិកបង្ហាញថា ចេតនាបង្កើតមូលនិធិ ឬការវិនិយោគរួមគ្នានៅតែមាន"។ លោកស្រីបន្ថែមថា គណៈប្រតិភូទីក្រុងគីវនោះ នឹងរួមបញ្ចូលតំណាងក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស យុត្តិធម៌ និងហិរញ្ញវត្ថុ។

ការចរចាដ៏យូរអង្វែងលើកិច្ចព្រមព្រៀងរ៉ែបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងរួចទៅហើយ។ ភាគីទាំងពីរកាលពីខែកុម្ភៈ បានត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ប៉ុន្តែផែនការនេះត្រូវបានបំផ្លាញ បន្ទាប់ពីកិច្ចប្រជុំដ៏ចម្រូងចម្រាសមួយនៅក្នុងការិយាល័យ Oval Office រវាងលោកប្រធានាធិបតីអាមេរិក Donald Trump លោកអនុប្រធានាធិបតី JD Vance និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy។
បន្ទាប់ពីសមាជិកសភាអ៊ុយក្រែនមួយចំនួន បានទម្លាយសេចក្តីព្រាងថ្មីនេះ អ្នករិះគន់និយាយថា នោះគ្រាន់តែជាការប៉ុនប៉ងដើម្បីដកការគ្រប់គ្រងទីក្រុងគីវ លើធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនប៉ុណ្ណោះ។ យោងតាមឯកសារលេចធ្លាយនោះបង្ហាញថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងថ្មីនេះ មិនត្រឹមតែរួមបញ្ចូលរ៉ែកម្រប៉ុណ្ណោះទេ ប៉ុន្តែឧស្ម័ន និងប្រេងរបស់អ៊ុយក្រែនផងដែរ៕

