ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រហែល ៩០ភាគរយនៃផ្ទះលំនៅឋាន នៅក្នុងខេត្ត Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញដោយប្រតិបត្តិការយោធាអ៊ីស្រាអែល ដោយជំរុញឲ្យតំបន់នេះ ធ្លាក់ចូលទៅក្នុងអ្វីដែលខ្លួនពិពណ៌នាថា ជា «គ្រោះមហន្តរាយមនុស្សធម៌ដ៏ទូលំទូលាយ» ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខេត្តនេះ ត្រូវបានប្រែក្លាយទៅជា «តំបន់ប្រតិបត្តិការយោធាបិទជិត» ខណៈដែលវាត្រូវបានកាត់ចេញពីផ្នែកផ្សេងទៀតនៃតំបន់ហ្កា ហ្សាស្ទ្រីប ដោយបន្ថែមថា ការខូចខាតយ៉ាងធ្ងន់ធ្ងរ បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសំខាន់ៗ និងលំនៅឋានរបស់ជនស៊ីវិល។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អគារជាង ២០.000 ដែលមានផ្ទះជាង ៥០.000ខ្នង ត្រូវបានបំផ្លាញ។ លើសពីនេះទៅទៀត អណ្តូងទឹកចំនួន ២២ ក្នុងចំណោម ២៤ មិនដំណើរការ ដែលធ្វើឲ្យប្រជាជនរដ្ឋរាប់ម៉ឺននាក់ គ្មានទឹកស្អាតប្រើប្រាស់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយបន្ថែមទៀតថា ជាង ៨៥ភាគរយនៃបណ្តាញលូ ក្នុងខេត្ត Rafah ត្រូវបានបំផ្លិចបំផ្លាញ ដោយបង្កើនការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះឡើងនៃជំងឺឆ្លង។
ការិយាល័យនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ ដាក់សម្ពាធឲ្យអ៊ីស្រាអែលដកកងទ័ពចេញពីខេត្ត Rafah ជួយសម្រួលដល់ការវិលត្រឡប់នៃអ្នកផ្លាស់ទីលំនៅ និងធានាឲ្យមានការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព។