ប្រភពគ្រូពេទ្យក្នុងស្រុក បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើផ្ទះលំនៅឋានមួយ ក្នុងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃអាទិត្យ បានកើនឡើងដល់ ៤នាក់ និង ២៣នាក់ផ្សេងទៀត បានរងរបួស។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខាភិបាលក្រុង Sanaa បានឲ្យដឹងថា អ្នកស្លាប់រួមមានបុរស ២នាក់ និងស្ត្រី ២នាក់ ខណៈអ្នករបួសមានស្ត្រី ១១នាក់ និងកុមារ។
ការវាយប្រហារនោះ បានត្រូវចំផ្ទះមួយខ្នង នៅក្នុងសង្កាត់ Shu'ub ដែលមានប្រជាជនរស់នៅយ៉ាងច្រើន នៅភាគខាងកើតទីក្រុង Sanaa ដោយបានបំផ្លាញលំនៅឋានជាច្រើនខ្នង។ ក្រុមជួយសង្គ្រោះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែក។

ទូរទស្សន៍របស់ក្រុមហ៊ួទី al-Masirah បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន បីដាច់ដោយឡែកពីគ្នា ទៅលើភ្នំ Al-Aswad ក្នុងសង្កាត់ Bani Matar ភាគខាងលិចទីក្រុង Sanaa ទោះបីជាមិនមានអ្នកស្លាប់និងរបួស ត្រូវបានបញ្ជាក់ក៏ដោយ។
កាលពីព្រឹកថ្ងៃអាទិត្យ អ្នកស្រុកនៅខេត្ត Hodeidah ភាគខាងលិច បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើទីតាំងនានា រួមទាំងកោះ Kamaran ក្នុងសមុទ្រក្រហម។ ពុំចំនួនអ្នករងរបួស ត្រូវបានកត់ត្រាទេ។
យោធាសហរដ្ឋអាមេរិក បានផ្តួចផ្តើមយុទ្ធនាការជាថ្មីប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទី កាលពីថ្ងៃទី ១៥ ខែមីនា ដោយអះអាងថា ការវាយប្រហារលើប្រព័ន្ធការពារដែនអាកាស មជ្ឈមណ្ឌលបញ្ជា និងកន្លែងផ្ទុកអាវុធ ដើម្បី«ធ្វើបំផ្លាញសមត្ថភាពរបស់ក្រុមហ៊ួទី។

