ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) កាលពីថ្ងៃអាទិត្យ បានរិះគន់ ជុំវិញការខ្វះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការបដិសេធរបស់រុស្ស៊ី ក្នុងការយល់ព្រម «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ» ខណៈដែលមនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយរបស់ទីក្រុងមូស្គូ។
លោក ហ្សេឡិនស្គី បាននិយាយថា ប្រទេសរុស្ស៊ី បានវាយប្រហារដោយមីស៊ីល និងយានដ្រូន«ទ្រង់ទ្រាយ ធំ» ទៅលើអ៊ុយក្រែន ដែលបានបណ្តាលឲ្យមនុស្ស ៧នាក់ រងរបួសផងដែរ ដោយបានព្រមានថា ទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន។
អ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅក្នុងសង្គ្រាមរយៈពេលជាង បីឆ្នាំ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធមិនធ្វើដូច្នេះទេ។
លោក ហ្សេឡិនស្គី បាននិយាយថា៖«យើងកំពុងរង់ចាំសហរដ្ឋអាមេរិកឆ្លើយតប រហូតមកដល់ពេលនេះនៅតែមិនទាន់មានការឆ្លើយតបទេ!» ។
ប្រទេសរុស្ស៊ី បានអះអាងពីការកាន់កាប់ភូមិមួយ នៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ក្នុងរុលចូលទៅមុខ ឆ្លងព្រំដែនដ៏កម្រ ប៉ុន្តែអ៊ុយក្រែនបានចាត់ទុកថា ជា «ព័ត៌មានមិនពិត»។