កងកម្លាំងសន្តិសុខលីប៊ី បានសហការជាមួយរដ្ឋាភិបាលភាគខាងកើតរបស់ប្រទេសនេះ បានចាប់ខ្លួនជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ ៥៧០នាក់ មានសញ្ជាតិផ្សេងៗគ្នា និងជនសង្ស័យជួញដូរមនុស្សជាច្រើននាក់ នៅជិតទីក្រុងព្រំដែន Imsa'ed កាលពីថ្ងៃសៅរ៍។
អគ្គនាយកសន្តិសុខភាគខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួននៅជិត ទីក្រុងImsa'ed ក្បែរព្រំដែនប្រទេសលីប៊ី ជាមួយអេហ្ស៊ីប បន្ទាប់ពីការស៊ើបអង្កេតដែលបានរកឃើញកន្លែងលាក់ខ្លួនជាច្រើន ដែលប្រើដោយជនអន្តោប្រវេសន៍។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ជនអន្តោប្រវេសន៍ប្រហែល ៥៧០នាក់ និងបុគ្គលមួយចំនួន ដែលត្រូវសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានឃាត់ខ្លួនក្នុង អំឡុងពេលប្រតិបត្តិការ។
ប្រទេសលីប៊ី បានក្លាយជាចំណុចចាកចេញដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអាហ្វ្រិកផ្សេងទៀត ព្យាយាមឆ្លងដែនសមុទ្រដ៏គ្រោះថ្នាក់ ទៅកាន់អឺរ៉ុប បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូ ក្នុងឆ្នាំ ២០១១ បានទម្លាក់មេដឹកនាំដែលកាន់អំណាចយូរលោក Muammar Gaddafi ហើយបានធ្វើឲ្យប្រទេសអាហ្វ្រិកខាងជើង ធ្លាក់ក្នុងភាពវឹកវរ។