ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមានបទឈប់បាញ់ នៅក្នុងជម្លោះតំបន់ហ្កាហ្សា អំឡុងពេលកិច្ចប្រជុំ នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ជាមួយសមភាគីអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួង បានឲ្យដឹងថា លោក Sheikh Abdullah bin Zayed Al Nahyan ដែលជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប់រួម ផងដែរនោះ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saarអំពី«វិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង នៅតំបន់ហ្កាហ្សាស្ទ្រីប» និងការខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា កិច្ចប្រជុំនេះ មានការចូលរួមដោយលោក Saeed Mubarak Al Hajeri ឧបការីរដ្ឋមន្ត្រីអារ៉ាប់រួមទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងលោក Mohamed Mahmoud Al Khaja ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអ៊ីស្រាអែល។
លោក Saar បានសរសេរនៅលើបណ្តាញសង្គម X ថា នេះគឺជាកិច្ចប្រជុំលើកទី២ របស់លោក ជាមួយលោក Sheikh Abdullah។
ប្រទេសអារ៉ាប់រួម និងអ៊ីស្រាអែល បានបង្កើតទំនាក់ទំនង នៅឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Abraham ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប៉ុន្តែមានទំនាក់ទំនងទ្វេភាគីតិចតួច ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាសវាយប្រហារលើ អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«លោក Sheikh Abdullah បានសង្កត់ធ្ងន់លើអាទិភាពនៃការធ្វើការឆ្ពោះទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ក៏ដូចជាសារៈសំខាន់នៃការជៀសវាងការកើនឡើងបន្ថែមទៀតនៃជម្លោះនៅក្នុងតំបន់»។