មន្ត្រីសន្តិសុខម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមសកម្មប្រយុទ្ធអាល់សាបាប( Al-Shabab) បានបាញ់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ នៅជិតអាកាសយានដ្ឋានទីក្រុងម៉ូហ្គាឌីស្យូ (Mogadishu)កាលពីព្រឹកថ្ងៃអាទិត្យ ដោយរំខានដល់ជើងហោះហើរអន្តរជាតិ មកកាន់ប្រទេសសូម៉ាលី។
ការវាយប្រហារនេះ កើតឡើង តែប៉ុន្មានសប្តាហ៍បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ មិនបានបង្កការប៉ះពាល់ដល់ក្បួនរថយន្តរបស់លោកប្រធានាធិបតី Hassan Sheikh Mohamud ទេ ដោយក្រុម Al-Shabab បានអះអាងទទួលខុសត្រូវ។
យោងតាមប្រភពសន្តិសុខ បានឲ្យដឹងថា គ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីជាយក្រុង ម៉ូហ្គាឌីស្យូ ហើយបានធ្លាក់នៅតំបន់ដីទំនេរនៃអាកាសយានដ្ឋានអន្តរជាតិ Aden Adde។
មន្ត្រីសន្តិសុខម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AFP ថា៖«មានគ្រាប់កាំភ្លើងត្បាល់ប្រហែលពី ២ ទៅ ៣ គ្រាប់ ដែលបានវាយប្រហារលើទីតាំងទំនេរនៃអាកាសយានដ្ឋាន កាលពីព្រឹកថ្ងៃ អាទិត្យ។
បុគ្គលិកអាកាសយានដ្ឋានម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្តហោះទួរគីដែលគ្រោងនឹងចុះចត នៅអាកាសយានដ្ឋាននេះ ត្រូវបានប្តូរទិសដៅទៅកាន់ប្រទេសជីប៊ូទី( Djibouti)។ លោកបានបន្ថែមថា ពួកគេត្រូវបានជូនដំណឹងថា ជើងយន្តហោះរបស់ក្រុមហ៊ុន Egypt Air ក៏បានលុបចោលជើងហោះហើររបស់ខ្លួន សម្រាប់ថ្ងៃអាទិត្យនោះដែរ។