ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាតិត្យ (ទី៦ ខែមេសា) បាននិយាយថា ប្រទេសចិននឹងយល់ព្រមលើកិច្ចព្រមព្រៀង ជុំវិញការលក់បណ្ដាញសង្គម TikTok ប្រសិនបើមិនមែនដោយសារតែការដំឡើងពន្ធគយដែលទីក្រុងវ៉ាស៊ីនតោនបានដាក់កាលពីសប្តាហ៍មុនទេនោះ។
កាលពីថ្ងៃទី៤ ខែមេសា លោក Trump បានពន្យាពេលកំណត់ ដើម្បីឲ្យ TikTok ស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការហាមឃាត់មិនឲ្យមានដំណើរការ នៅសហរដ្ឋអាមេរិក ដោយទុករយៈពេល ៧៥ថ្ងៃបន្ថែមទៀត ដើម្បីឲ្យស្វែងរកដំណោះស្រាយ ពោលគឺមួយថ្ងៃបន្ទាប់ពីដាក់ចេញការនូវដំឡើងពន្ធបន្ថែម ៣៤ភាគរយលើការនាំចូលទាំងអស់របស់ប្រទេសចិន។
លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ថា៖ «របាយការណ៍ គឺថា យើងមាននូវកិច្ចព្រមព្រៀងមួយ ពោលគឺស្ទើរតែឈានដល់កិច្ចព្រមព្រៀងហើយ សម្រាប់ TikTok។ វាមិនទាន់ក្លាយជាកិច្ចព្រមព្រៀងទេ ប៉ុន្តែជិតកើតឡើង ហើយបន្ទាប់មកប្រទេសចិន បានកែប្រែកិច្ចព្រមព្រៀងនេះ ដោយសារតែការដំឡើងពន្ធគយ។ ប្រសិនបើខ្ញុំកាត់បន្ថយពន្ធបន្តិច ពួកគេនឹងអនុម័តកិច្ចព្រមព្រៀងនោះ ក្នុងរយៈពេល ១៥នាទី ដែលនេះបង្ហាញឲ្យអ្នកឃើញពីអំណាចនៃគោលនយោបាយដំឡើងពន្ធ»។
គួរបញ្ជាក់ថា កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ជាង ១៧០លាននាក់ នៅសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយសារច្បាប់របស់អាមេរិក ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៤ ដែលបញ្ជាឲ្យ TikTok ផ្ដាច់ខ្លួនចេញពីម្ចាស់ក្រុមហ៊ុនចិន គឺ ByteDance ឬបើមិនដូច្នោះទេ ត្រូវបិទ នៅសហរដ្ឋអាមេរិក៕