នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) បាននិយាយថា «ពិភពលោកដែលយើងបានឃើញពីមុន» បានបញ្ចប់ហើយ ខណៈដែលពិភពលោកបានត្រៀមខ្លួនទប់ទល់បន្ថែមទៀតពីផលប៉ះពាល់នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។
តាមរយៈអត្ថបទខ្លីបង្ហាញពីទស្សនៈផ្ទាល់ខ្លួន នៅលើទំព័រសារព័ត៌មាន Sunday Telegraph លោក Starmer បានលើកឡើងថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការដំឡើងពន្ធយ៉ាងទូលំទូលាយ កាលពីថ្ងៃទី២ ខែមេសាបង្ហាញថា «អ្វីៗដែលត្រូវបានកំណត់កន្លងមក មិនអាចទទួលបានការធានាទៀតទេ»។
លោកបានសរសេរថា «ពិភពលោកដែលយើងបានឃើញពីមុន បានកន្លងផុតទៅហើយ» ដោយលោកបានបង្ហាញអំពីលទ្ធភាពដែលរដ្ឋឈានជើងចូលទៅជួយការពារអាជីវកម្មរបស់អង់គ្លេស ដោយសារផលប៉ះពាល់ពីការដំឡើងពន្ធនេះ។
កម្រិតពន្ធ ៣៤ភាគរយរបស់លោក Trump លើទំនិញរបស់ចិន នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយដែលនាំឲ្យមានការប្រកាសពីទីក្រុងប៉េកាំង អំពីការយកពន្ធ ៣៤ភាគរយលើផលិតផលអាមេរិក ចាប់ពីថ្ងៃទី១០ ខែមេសា។ សហភាពអឺរ៉ុប និងជប៉ុន ក៏ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មប្រហែល ៦០ប្រទេស ដែលគ្រោងនឹងប្រឈមជាមួយអត្រាខ្ពស់ នៅថ្ងៃទី៩ ខែមេសា ដែលធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗពីការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចឈានមុខគេមួយចំនួនរបស់ពិភពលោក។
រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេសបានប្រឈមជាមួយកម្រិតពន្ធទាបជាងប្រទេសជាច្រើន ដោយត្រូវបង់តែ ១០ភាគរយ ហើយលោក Starmer បានសរសេរកាលថ្ងៃទី៦ ខែមេសាថា ការឆ្លើយតបរបស់ប្រទេស «ទាមទារនូវគុណធម៌ល្អបំផុតរបស់ចក្រភពអង់គ្លេស ចិត្តត្រជាក់ ការអនុវត្តជាក់ស្តែង និងការយល់ដឹងច្បាស់លាស់អំពីផលប្រយោជន៍របស់ជាតិ»៕