គណបក្សប្រឆាំងកណ្តាល-ស្តាំនិយមរបស់ប្រទេសអូស្ត្រាលី បានធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏កម្រមួយ នៅពាក់កណ្តាលនៃយុទ្ធនាការបោះឆ្នោត ដោយបោះបង់ចោលផែនការរឹតបន្តឹងតាមបែបរបស់លោក Donald Trump ពាក់ព័ន្ធនឹងលក្ខខណ្ឌធ្វើការងារពីចម្ងាយ សម្រាប់បុគ្គលិករដ្ឋាភិបាល បន្ទាប់ពីការអនុវត្តបែបនេះ ហាក់ដូចជាធ្វើឲ្យខូចនយោបាយ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុង Adelaide ភាគខាងត្បូង នាព្រឹកថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ មេដឹកនាំគណបក្សប្រឆាំង គឺលោក Peter Dutton បាននិយាយថា ជំហរនយោបាយដើម សម្រាប់គណបក្ស Liberal-National Coalition គឺ «មិនត្រឹមត្រូវ» ដោយលោកបានបន្ថែមថា លោកបានសុំអភ័យទោសពីប្រជាជនអូស្ត្រាលីផង សម្រាប់ការលើកឡើងនូវនិតិវិធីនេះពីដំបូង។
លោក Dutton បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំឲ្យមានកន្លែងធ្វើការដែលអាចបត់បែនទៅតាមកាលៈទេសៈ។ យើងបានយល់ខុស ហើយយើងបានសុំអភ័យទោស ចំពោះការលើកឡើងនូវវិធានការនេះ»។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងធ្វើដំណើរឆ្ពោះទៅកាន់បោះឆ្នោត នៅថ្ងៃទី៣ ខែឧសភា ដោយបច្ចុប្បន្នបក្សប្រឆាំងតាមក្រោយរដ្ឋាភិបាលរបស់គណបក្សការងារ ក្នុងការស្ទង់មតិដោយភាគច្រើន។ កាលដើមខែមីនា លោក Dutton បានសន្យាថា នឹងបញ្ចប់ការធ្វើការពីផ្ទះ ឬពីចម្ងាយ សម្រាប់បុគ្គលិករដ្ឋាភិបាល ដោយឆ្លុះបញ្ចាំងពីចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក Trump ដែលតម្រូវឲ្យក្រសួងសហព័ន្ធវិលទៅធ្វើការនៅការិយាល័យវិញ៕