យោធារបស់ទីក្រុងម៉ានីល បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធរួមគ្នា នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ ជាអ្វីដែលត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញដល់ការសម្របសម្រួលប្រតិបត្តិការ និងលើកកម្ពស់ «សមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្រ»។
សមយុទ្ធនេះលេចឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាច្រើនខែ រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយសមយុទ្ធផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកទ្រង់ទ្រាយធំជាងនេះរបស់អាមេរិក-ហ្វីលីពីន គ្រោងធ្វើនៅចុងខែមេសា។

នៅឯពិធីបើកសមយុទ្ធ នាថ្ងៃចន្ទនេះ មេបញ្ជាការកងទ័ពអាកាសហ្វីលីពីន លោក Arthur Cordura បាននិយាយថា «ការពង្រឹងដល់ការត្រៀមខ្លួនប្រយុទ្ធ និងលើកកម្ពស់ប្រសិទ្ធភាពបេសកកម្មរួមគ្នា» នឹងក្លាយជាចំណុចសំខាន់នៃសមយុទ្ធ Cope Thunder។
គួរដឹងថា ទំនាក់ទំនងយោធា រវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឲ្យកាន់តែស៊ីជម្រៅ ចាប់តាំងពីការជាប់ឆ្នោតរបស់លោកប្រធានាធិបតី Ferdinand Marcos ក្នុងឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់យន្តហោះចម្បាំង F-16 ឲ្យប្រទេសហ្វីលីពីន ទោះបីជាទីក្រុងម៉ានីល បានប្រាប់ថា កិច្ចព្រមព្រៀងនេះ «កំពុងស្ថិតក្នុងដំណាក់កាលចរចារនៅឡើយ» ក្ដី។
បើយោងតាមកងកម្លាំងអាកាសហ្វីលីពីន បានឲ្យដឹងថា សមយុទ្ធឈ្មោះ Cope Thunder ដែលនឹងមានបន្តរហូតដល់ថ្ងៃទី១៨ ខែមេសានោះ មានបំណងលើកកម្ពស់ «សមត្ថភាពធ្វើសង្គ្រាមមិនស៊ីមេទ្រី» សម្របសម្រួលប្រតិបត្តិការ និងការទប់ស្កាត់ជាយុទ្ធសាស្ត្រ៕


