ស្ថានទូតរុស្ស៊ីប្រចាំនៅវ៉េណេហ្ស៊ុយអេឡា បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ សារព័ត៌មាន Izvestia daily ថា រុស្ស៊ី និងវ៉េណេស៊ុយអេឡា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅឆ្នាំនេះ ដែលជាខួបលើកទី ៨០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ី លើកឡើងថា៖«ឯកសារនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-វ៉េណេហ្ស៊ុយអេឡា»។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតនេះ បានបន្ថែមទៀតថា៖«ភាគីទាំងពីរ មានចំណាប់អារម្មណ៍ទៅវិញទៅមក ក្នុងការចុះហត្ថលេខាលើឯកសារនេះ នៅពេលមានឱកាសសមស្រប»។ «វានឹងក្លាយជានិមិត្តរូបក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅខួបឆ្នាំ ២០២៥ (ខួបលើកទី ៨០ នៃការបង្កើតទំនាក់ទំនងការទូត)»។
ថ្ងៃទី១៤ ខែមីនា គឺជាខួបលើកទី ៨០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវ៉េណេហ្ស៊ុអេឡានិងរុស្ស៊ី។
ក្រសួងការបរទេសវ៉េណេហ្ស៊ុយអេឡា បានរាយការណ៍មុននេះថា៖«ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែបញ្ជាក់ឡើងវិញនូវសម្ព័ន្ធភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយដ៏ជ្រាលជ្រៅ ដែលមានតាំងពីដើមដំបូងនៃការតស៊ូទាមទារឯករាជ្យរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា»។