ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ នៅវិមានរដ្ឋសភា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។
ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
សម្តេចរដ្ឋសភាធិបតី បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
សម្តេចប្រធានរដ្ឋសភា ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕