ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់ផ្តើមកិច្ចពិភាក្សាដែលគ្របដណ្ដប់ដោយសង្គ្រាមតំបន់ហ្កាហ្សា ជាមួយប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah El-Sisi) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានមកដល់ទីក្រុងគែរ។
នៅថ្ងៃចន្ទនេះ លោក ម៉ាក្រុង លោក អែលស៊ីស៊ី និងព្រះមហាក្សត្រ Abdullah II របស់ហ្ស៊កដានី នឹងរៀបចំកិច្ចប្រជុំកំពូលមួយ នៅពេលដែលអ៊ីស្រាអែល បន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។
នៅថ្ងៃអង្គារ មេដឹកនាំបារាំងរូបនេះ នឹងធ្វើដំណើរទៅកាន់កំពង់ផែ El-Arish របស់អេហ្ស៊ីប នៅជិតតំបន់ហ្កាហ្សា ដើម្បីបង្ហាញពីស្ថានភាពមនុស្សធម៌របស់ទឹកដីនេះ។
លោក ម៉ាក្រុង និងលោក អែលស៊ីស៊ី បានទទួលទានអាហារពេលល្ងាច នៅក្នុងផ្សារមួយនៃទីក្រុងគែរ បន្ទាប់ពីលោកប្រធានាធិបតីបារាំង បានមកដល់សម្រាប់បំពេញទស្សនកិច្ចរយៈពេល ៤៨ម៉ោង។
លោក ម៉ាក្រុង ក៏បានឆ្លៀតពេលសម្រាប់ដំណើរទស្សនកិច្ចជាលក្ខណៈឯកជន ទៅកាន់សារមន្ទីរ Grand Egyptianថ្មី ដែលនឹងត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី ០៣ ខែកក្កដា ដែលនឹងបង្ហាញវត្ថុបុរាណជាប្រវត្តិ សាស្ត្រចំនួន ១០០.000 មុខ។