អាល្លឺម៉ង់៖ ករណីឆ្លងរាលដាលវីរុស COVID-19 បានហក់ឡើងខ្ពស់ជាថ្មី ខណៈផ្ទុះវីរុសបម្លែងខ្លួនថ្មី Omicron។ វិធានការតឹងរ៉ឹងផ្សេងៗត្រូវបានអនុវត្តន៍ទូទាំងទ្វីប ចាប់ពីការបិទខ្ទប់ប្រទេសនៅអូទ្រីសរហូតដល់ចក្រភពអង់គ្លេស ជាទីដែលការរឹតត្បិតត្រូវបានអនុវត្តន៍។ ក្ដីបារម្ភនានាជុំវិញវីរុស COVID-19 បម្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង បានជំរុញឲ្យប្រទេសជាច្រើននៅសហភាពអឺរ៉ុបដាក់ចេញវិធានការបិទការធ្វើដំណើរ។

អង្គការសុខភាពពិភពលោកបានព្រមានកាលពីខែវិច្ឆិកាថា អឺរ៉ុប និងអាស៊ីកណ្ដាលអាចប្រឈមនឹងការដែលអាចមានអ្នកស្លាប់ថ្មីដោយ សារវីរុស COVID-19 ជាង ៧សែននាក់បន្ថែមទៀតនៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ កាលពីថ្ងៃព្រហស្បតិ៍ អាល្លឺម៉ង់បានរឹតបន្តឹងសម្រាប់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19។ អ្នកដែលមិនបានចាក់វ៉ាក់សាំងគឺមិនអាចឲ្យចូលទៅក្នុងផ្សារទំនើបធំៗ ភោជនីយដ្ឋាន ទីកន្លែងវប្បធម៌ និងទីកន្លែងកម្សាន្តនានា។ ការបិទខ្ទប់របស់ប្រទេសអូទ្រីសត្រូវបានបន្ថែមពេលវេលាជាផ្លូវការរហូតដល់ថ្ងៃ១១ ខែធ្នូតាមផែនការ ជាវិធានការជួយកាត់បន្ថយការឆ្លងដែលមានចំនួនខ្ពស់។
រីឯក្រុមតំណាងរាស្ត្រក្រិកបានអនុម័តឲ្យមានកាតព្វកិច្ចវ៉ាក់សាំងបង្ការវីរុស COVID-19 សម្រាប់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំដើម្បីទប់ស្កាត់ការឆ្លងកំពុងហក់ឡើងខ្ពស់។ ចំណែកព័រទុយហ្គាល់បានដាក់ចេញការរឹតត្បិតជាថ្មីកាន់តែតឹងរ៉ឹងកាលពីថ្ងៃពុធ ដើម្បីបញ្ឈប់ការឆ្លងរាលដាលថ្មីៗដែលកំពុងកើនឡើង។ ការពាក់ម៉ាស់ត្រូវបានក្លាយជាកាតព្វកិច្ចជាថ្មី ហើយប្រទេសនេះរឹតបន្តឹងកាន់តែខ្លាំងនៅតាមព្រំដែនរបស់ខ្លួន។ ប្រទេសបារាំងកំពុងរឹតបន្តឹងកាន់តែខ្លាំងលើលក្ខខ័ណ្ឌចូលទៅក្នុងប្រទេស ចាប់ពីថ្ងៃសៅរ៍ ទី៤ ខែធ្នូស្អែកនេះសម្រាប់អ្នកដំណើរទាំងឡាយដែលមិនមែនមកពីសហភាពអឺរ៉ុប ត្រូវធ្វើតេស្តស្វែងរកលទ្ធផលអវិជ្ជមានក្នុងពេល ៤៨ម៉ោងប្រសិនបើពួកគេមិនទាន់បានចាក់វ៉ាក់សាំង៕
អត្ថបទ៖ សុខមាន