ក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន និយាយថា ពួកគេបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់លើទីក្រុងមួយចំនួននៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ជាការឆ្លើយតបនឹងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ។
យោធាអ៊ីស្រាអែល និយាយថា កាំជ្រួចផ្លោងប្រហែល ១០គ្រាប់ ត្រូវបានបាញ់ដោយក្រុមហាម៉ាស ប៉ុន្តែភាគច្រើននៃកាំជ្រួចផ្លោងទាំងនេះ ត្រូវបានបាញ់ស្កាត់ដោយជោគជ័យ ។
ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលរាយការណ៍ផលប៉ះពាល់ដោយផ្ទាល់នៅទីក្រុងភាគខាងត្បូង Ashkelon ។
សេវាកម្មសង្រ្គោះបន្ទាន់អ៊ីស្រាអែល និយាយថា ពួកគេបានព្យាបាលមនុស្សម្នាក់ដែលត្រូវអំបែងគ្រាប់ ហើយក្រុមជួយសង្រ្គោះ កំពុងធ្វើដំណើរទៅកាន់ទីតាំងធ្លាក់គ្រាប់រ៉ុក្កែត ។
រូបភាពវីដេអូឃ្លីបចេញដោយសេវាកម្មសង្រ្គោះបន្ទាន់អ៊ីស្រាអែល ឃើញកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវនៅក្នុងទីក្រុង Ashkelon ។
គួរឲ្យដឹងថា ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី ១៩ ខែមករា ក្រោសង្រ្គាមរយៈពេល ១៥ខែ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចាប់ដោយក្រុមហាម៉ាស និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួន ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិយាយកាលពីថ្ងៃទី ១៩ ខែមីនាថា កងកម្លាំងរបស់ខ្លួន ចាប់ផ្តើមឡើងវិញប្រតិបត្តិការតាមជើងគោករបស់ពួកគេ នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សាស្រ្ទីប ។ ភាគីទាំង ២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកសម្រាប់ភាពជាប់គាំងក្នុងកិច្ចប្រជុំប្រជុំបទឈប់បាញ់ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ជនប៉ាឡេស្ទីនជាង ៥ម៉ឺននាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕