នៅថ្ងៃចន្ទនេះ ជនប៉ាឡេស្ទីន បានពិនិត្យមើលការខូចខាតជម្រកសំពត់តង់ជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា ក្រោយក្រុមអាជ្ញាធរសុខភាព និងក្រុមអ្នកសារព័ត៌មាន និយាយថា វាគឺជាការវាយប្រហាររបស់អ៊ីស្រាអែលបណ្តាលឲ្យមានគ្រោះថ្នាក់ ។
ក្រុមអាជ្ញាធរនិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ២នាក់ ត្រូវបានសម្លាប់ និងជនប៉ាឡេស្ទីន ៩នាក់ផ្សេងទៀត រងរបួស ក្នុងនោះពួកគេមួយចំនួនរងរបួសធ្ងន់ ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនេះ ។
អ៊ីស្រាអែលតែងតែច្រានចោលការវាយប្រហារមានគោលដៅលើក្រុមអ្នកសារព័ត៌មាន ហើយពួកគេនិយាយថា ពួកគេចាត់វិធានការដើម្បីចៀសវាងការវាយប្រហារត្រូវជនស៊ីវិល ។
អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការសឹករបស់ពួកគេឡើងវិញជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាតាមច្រកអាកាសកាលពីថ្ងៃទី ១៨ ខែមីនា ហើយនិងបានបញ្ជូនទាហានចូលទៅក្នុងដែនដីបិទច្រកមួយនេះ ក្រោយផ្អាកសង្រ្គាមអស់រយៈពេល ២ខែ អំឡុងពេលដែលចំណាប់ថ្នូរ ៣៨នាក់ បានវិលត្រឡប់មក វិញ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ។
អ៊ីស្រាអែលនិយាយកាលពីថ្ងៃទី ១៩ ខែមីនាថា កងកម្លាំងរបស់ខ្លួន ចាប់ផ្តើមឡើងវិញប្រតិបត្តិការតាមជើងគោករបស់ពួកគេ នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សាស្រ្ទីប ។ ភាគីទាំង ២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកសម្រាប់ភាពជាប់គាំងក្នុងកិច្ចប្រជុំប្រជុំបទឈប់បាញ់ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៥ម៉ឺននាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕