វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលអាចជួយដោះស្រាយភាពតានតឹងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ទាមទារឲ្យទីក្រុងតេអេរ៉ង់ធ្វើកិច្ចព្រមព្រៀងជាមួយខ្លួន បើពុំដូច្នោះទេនឹងត្រូវរងការទម្លាក់គ្រាប់បែក ។
ទីក្រុងម៉ូស្គូ បានផ្តល់ជូនម្តងហើយម្តងទៀត ដើម្បីសម្របសម្រួលរវាងភាគីទាំង ២ ក្រោយការព្រមានចាត់វិធានការផ្នែកយោធាប្រឆាំងអ៊ីរ៉ង់ដោយប្រធានាធិបតីសហរដ្ឋអាមរិកលោក Donald Trump បានធ្វើឲ្យមានការព្រួយបារម្ភទូទាំងតំបន់ ។
អ្នកនាំពាក្យវិមានក្រឹមឡំាងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងបានពិគ្រោះយោបល់ឥតឈប់ឈរជាមួយដៃគូអ៊ីរ៉ង់របស់ពួកយើង រួមទាំងប្រធានបទនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។
លោកបន្តថា ដំណើរការនឹងបន្ត រួមទាំងអនាគតនុយក្លេអ៊ែរ ហើយជាការពិតណាស់ថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចការគ្រប់បែបយ៉ាង ដែលអាចរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាមួយនេះ តាមមធ្យោបាយនយោបាយ និងការទូត ។
អំឡុងអាណត្តិដំបូងរបស់លោក លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដែលរឹតត្បិតសកម្មភាពនុយក្លេអ៊ែរជម្លោះរបស់ទីក្រុងតេអេរ៉ង់ ជាការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។
អ៊ីរ៉ង់និយាយថា ពួកគេត្រូវការថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព ហើយនិងច្រានចោលថា ពួកគេពុំបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរនោះទេ ។
ទីក្រុងតេអេរ៉ង់ បានច្រានចោលការទាមទាររបស់លោក Trump ឲ្យមានកិច្ចប្រជុំដោយផ្ទាល់ ក្នុងនោះមន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បានធ្វើការព្រមានកាលពីចុងសប្តាហ៍កន្លងទៅដល់ប្រទេសជិតខាងដែលមានស្ថានទូតសហរដ្ឋអាមេរិកថា ពួកគេអាចនឹងស្ថិតលើខ្សែបន្ទាត់វាយប្រហារ ៕