នៅថ្ងៃចន្ទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យមានការវិលត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សាស្រ្ទីប ហើយនិងការដោះលែងចំណាប់ថ្នូរដែលនៅជាប់ឃុំដោយក្រុមហាម៉ាស ។
លោកនិយាយថា ពួកយើងសូមធ្វើការថ្កោលទោសចំពោះការចាប់ផ្តើមឡើងវិញការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលធ្វើឲ្យមានដំណើរថយក្រោយដ៏អាក្រក់មួយសម្រាប់ជនស៊ីវិល ចំណាប់ថ្នូរ ក្រុមគ្រួសាររបស់ពួកគេ និងតំបន់ទាំងមូល ។
លោកថា ពួកយើងសូមធ្វើការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ។ កិច្ចចរចាត្រូវតែចាប់ផ្តើមដោយគ្មានការពន្យាពេលនោះទេ ក្នុងលក្ខណៈស្ថាបនា ហើយលោកចង់ឲ្យមានកិច្ចខិតខំឥតនឿយហត់របស់អេហ្ស៊ីប ។
លោក Macron បានថ្លែងបែបនេះ ជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុងគែរ អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសមួយនេះ ។
ប្រធានាធិបតីទាំង ២ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីព្រះមហាក្សត្រហ៊្សកដានីព្រះអង្គម្ចាស់ Abdullah នៅទីក្រុងគែរ ដើម្បីចូលរួមជំនួបកំពូលត្រីភាគីស្តីពីតំបន់ហ្កាហ្សា ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោក លោក Macron បានជំរុញផងដែរឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់ស្នើសុំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយអ៊ុយក្រែន ៕