ភ្នំពេញ ៖ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៥ ខែធ្នូនេះ វេលាម៉ោង១១ព្រឹក តាមយន្តហោះពិសេសពីប្រទេសបារាំង ដើម្បីប្រារព្ធព្រះពិធី បុណ្យសាសនា តាមបែបប្រពៃណីខ្មែរ។
គណៈកម្មការបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កំពុងរៀបចំទីតាំងកន្លែងតម្កល់ព្រះសព និងប្រារព្ធ ព្រះពិធីបុណ្យ សាសនា នៅផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ព្រះពិធីបុណ្យ នឹងប្រារព្ធនៅអតីតតំណាក់ចាស់ព្រះអង្គ ក្រោយព្រះបរមរាជវាំង ។ ព្រះពិធីបុណ្យ នឹងប្រារព្ធធ្វើរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី០៨ ដែលជាថ្ងៃបូជាព្រះសព។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេស បារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន៕
អត្ថបទ៖ បាន ចក់



