បន្ទាប់ពីប្រទេសចិន បានដំឡើងពន្ធនាំចូល ៣៤ភាគរយលើទំនិញអាមេរិក ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិនមួយរូប បានប្តេជ្ញាការពារក្រុមហ៊ុនអាមេរិក ហើយបានសន្យាថា ប្រទេសរបស់ខ្លួន នឹងនៅតែជា «ទីកន្លែងពេញដោយឱកាស» សម្រាប់ការវិនិយោគពីបរទេស។
គួរដឹងថា កាលពីសប្តាហ៍មុន ប្រទេសចិនបានសងសឹក ចំពោះការយកពន្ធក្នុងកម្រិតដូចគ្នាដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្វីដែលលោកហៅថា «ថ្ងៃរំដោះ»។ ទីក្រុងប៉េកាងក៏បានដាក់ការត្រួតពិនិត្យលើការនាំចេញលើសារធាតុដ៏កម្រចំនួន ៧មុខ ដោយក្នុងនោះរួមមានទាំងសារធាតុហ្កាដូលីញ៉ូម (Gadolinium) ដែលត្រូវបានប្រើជាទូទៅក្នុងការថតរូបភាពអនុភាពម៉ាញេទិក (MRI) និងសារធាតុអ៊ីទ្រីញ៉ូម (Yttrium) ដែលត្រូវបានប្រើនៅក្នុងគ្រឿងអេឡិចត្រូនិក។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា អនុរដ្ឋមន្ត្រីលោក Ling Ji បានប្រាប់ក្រុមអ្នកតំណាងក្រុមហ៊ុនអាមេរិកកាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា)ថា វិធានការដំឡើងពន្ធ «ការពារយ៉ាងរឹងមាំដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនានា ក្នុងនោះរួមទាំងក្រុមហ៊ុនអាមេរិកផងដែរ»។
លោក Ling បានប្រាប់អ្នកតំណាងក្រុមហ៊ុននានា ដូចជាក្រុម GE Healthcare និង Medtronic ជាដើមថា ការយកពន្ធទាំងនោះដែលត្រូវចូលជាធរមាននៅថ្ងៃទី១០ ខែមេសា «មានគោលបំណងនាំសហរដ្ឋអាមេរិកវិលត្រលប់ទៅរកផ្លូវត្រូវនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីវិញ»។ លោកអនុរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា « ដើមហេតុនៃបញ្ហាដំឡើងពន្ធនាំចូល គឺនៅសហរដ្ឋអាមេរិក»៕