វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែគាំទ្រគំនិតឲ្យមានបទឈប់បាញ់ នៅប្រទេសអ៊ុយក្រែន ប៉ុន្តែចម្ងល់ជាច្រើនដែលគ្មានចម្លើយ នៅតែមាន អំពីថា កិច្ចប្រឹងប្រែងនោះនឹងដំណើរការទៅយ៉ាងដូចម្ដេច។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិងកំពុងជំរុញឲ្យមានបទឈប់បាញ់យ៉ាងលឿនរហ័សមួយ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ចាប់តាំងពីចូលកាន់តំណែង ប៉ុន្តែរដ្ឋបាលរបស់លោក បានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក ទោះបីជាមានការពិភាក្សាជាមួយភាគីទាំង ២ ក៏ដោយ។
នៅថ្ងៃទី៧ ខែមេសានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Putin គាំទ្រគំនិត ដែលថា បទឈប់បាញ់ គឺជារឿងចាំបាច់ ប៉ុន្តែនៅមុននោះ ចម្ងល់ជាច្រើនត្រូវតែទទួលបានការឆ្លើយតបសិន»។
លោកបានបន្ថែមថា «សំណួរទាំងនេះកំពុងត្រូវបានទុកចោល។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ បានផ្តល់ចម្លើយដល់មន្ទិលសង្ស័យទាំងនេះទេ» ដោយលោកបានបន្ទោសពីការខ្វះវឌ្ឍនភាព ជុំវិញ «ភាពមិនអាចគ្រប់គ្រងបានរបស់របបទីក្រុងគីវ»។
លោក Trump បានសម្តែងការខកចិត្ត ចំពោះល្បឿនដ៏យឺតយ៉ាវនៃកិច្ចពិភាក្សា ដោយលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC កាលពីខែមីនាថា លោកមាន «អារម្មណ៍ក្នក់ចិត្តណាស់» ជាមួយលោក Putin។ ហើយកាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា) លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងពិភាក្សាជាមួយរុស្ស៊ី។ យើងចង់ឲ្យពួកគេឈប់។ ខ្ញុំមិនចូលចិត្តការទម្លាក់គ្រាប់បែកទេ។ ការទម្លាក់គ្រាប់បែក នៅតែបន្តកើតមាន»៕