នាយកដ្ឋានឧតុនិយមឥណ្ឌា(IMD) បានព្រមានពីសីតុណ្ហភាពហក់ឡើងខ្ពស់នៅតាមផ្នែកមួយចំនួននៅតំបន់ភាគខាងជើង និងតំបន់ភាគខាងលិចប្រទេស រួមទាំងរដ្ឋធានីញូវដែល្លីផងដែរនៅក្នុងសប្តាហ៍នេះ ។
IMD បាននិយាយថា បណ្តារដ្ឋភាគខាងជើង និងភាគកណ្តាលរួមទាំងរដ្ឋ Haryana, Punjab, Rajasthan និងរដ្ឋ Gujarat អាចនឹងមានសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ ។
ពួកគេបានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿង ដែលមានន័យថា កម្តៅអាចទ្រាំទ្របានសម្រាប់មនុស្សទូទៅ ប៉ុន្តែវាអាចនឹងបង្កឲ្យមានក្តីបារម្ភសុខភាពសម្រាប់ទារក មនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃ ។
តាមធម្មតា តំបន់ភាគខាងជើងប្រទេសឥណ្ឌា តែងតែមើលឃើញរលកកម្តៅនៅចន្លោះខែមេសា និងខែមិថុនា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងកម្តៅផែនដី និងបម្រែបម្រួលអាកាសធាតុ បណ្តាលឲ្យសីតុណ្ហភាពក្តៅខ្លាំងបំផុតឆាប់កើតឡើង និងមានរយៈពេលយូរជាងមុន ។
យោងតាមការព្យាករណ៍របស់ IMD បានឲ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងរដ្ឋធានីញូវដែល្លី ត្រូវបានគេរំពឹងថានឹងមានរហូតដល់ ៤១អង្សាសេនៅថ្ងៃចន្ទនេះ ៕