ប្រទេសបារាំង និងអេហ្ស៊ីប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នៅថ្ងៃចន្ទ (ទី៧ ខែមេសា) នេះ ដោយគ្របដណ្តប់លើវិស័យជាច្រើន ដូចជាសុខាភិបាល ការដឹកជញ្ជូន និងថាមពល ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា នឹងជួយពង្រឹងស្ថិរភាពរបស់អេហ្ស៊ីប អំឡុងពេលមានការប្រែប្រួល នៅក្នុងតំបន់។
ដោយនិយាយរួមជាមួយលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងគែរ លោក Macron បានប្រាប់ថា៖ «អេហ្ស៊ីបគឺជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្រទេសរបស់យើង»។
លោក Macron បានបន្ថែមថា៖ «ដូច្នេះខ្ញុំចង់បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់បារាំង ក្នុងការធានាឲ្យបាននូវស្ថិរភាពនៃប្រទេសអេហ្ស៊ីប ដោយសារបរិបទនៃស្ថានភាពនៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ និងនៅពេលដែលសេដ្ឋកិច្ចអេហ្ស៊ីបប្រឈមនឹងបញ្ហា»។
ជាមួយគ្នានេះ លោក Macron បានសង្កត់ធ្ងន់ថា លោកបន្តគាំទ្រកិច្ចចរចា រវាងអេហ្ស៊ីប និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈកម្មការអឺរ៉ុប។
គួររំលឹកថា កាលពីខែមុន IMF បានអនុម័តផ្តល់ប្រាក់ចំនួន ១,២ពាន់លានដុល្លារដល់ប្រទេសអេហ្ស៊ីប ដែលកំពុងតែប្រឈមនឹងអតិផរណាខ្ពស់ និងកង្វះរូបិយប័ណ្ណបរទេស៕