ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានបន្តនិរទេសខ្លួនឆ្លងកាត់ច្រកព្រំដែន Torkhamនៅថ្ងៃចន្ទនេះ ក្រោយប៉ាគីស្ថាន បង្កើនវិធានការបោសសម្អាតរបស់ពួកគេ បង្ខំឲ្យជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារចាកចេញពីប្រទេសមួយនេះ ដែលភាគច្រើននៃពួកគេ បានរស់នៅទីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
លោក Lal Saeed គឺជាបុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ដែលបាននិរទេសចេញពីប៉ាគីស្ថានកាលពីពេលថ្មីៗនេះ និយាយថា ពួកយើងប្រឈមជាមួយស្ថានភាពអាក្រក់ខ្លាំងណាស់នៅទីនោះ ។ នគរបាលប៉ាគីស្ថាន បានវាយឆ្មក់ផ្ទះសម្បែងរបស់ពួកយើងនៅពេលយប់ ។ កូនប្រុស ២នាក់របស់លោក ត្រូវបានគេនាំខ្លួនយកទៅបាត់ ហើយពួកគេបន្តស្ថិតនៅក្នុងពន្ធនាគារ ។ លោកមានភ័ស្តុតាង ។
ជាមួយឥវ៉ាន់មួយបង្វិច លោក Lal និយាយថា លោកបានទុករថយន្តនៅក្រៅ និងប្រញាប់ប្រញាល់ទៅក្នុងពន្ធនាគារ ដោយសង្ឃឹមថានឹងអាចនាំកូនប្រុសរបស់លោកមកជាមួយលោក ។
លោកបន្តថា ពេលលោកទៅដល់ទីនោះ នគរបាលបានសួរថាតើអ្នកទៅណា? លោកថា លោកទៅអាហ្វហ្គានីស្ថាន ពួកគេឆ្លើយថាទៅចុះ ពួកយើងនឹងនិរទេសកូនប្រុសរបស់អ្នកឲ្យទៅតាមក្រោយអ្នក ។
កាលពីខែមីនាកន្លងទៅ ក្រសួងមហាផ្ទៃប៉ាគីស្ថាន បានបញ្ជាឲ្យជនបរទេសខុសច្បាប់ទាំងអស់ និងអ្នកកាន់អត្តសញ្ញាណបណ្ណអាហ្វហ្គានីស្ថាន ត្រូវតែចាកចេញពីប្រទេសមួយនេះ ត្រឹមថ្ងៃទី ៣១ ខែមីនា ដោយពួកគេព្រមានថា ការនិរទេសនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមេសាតទៅ ៕