ភ្ញៀវទេសចរ និងក្រុមអ្នកស្រុកមានភាពស្ញប់ស្ងែងយ៉ាងខ្លាំងចំពោះដើមផ្ការីកសាគូរ៉ានៅទីក្រុងភាគខាងលិច Bonn របស់ប្រទេសអាល្លឺម៉ង់ ពេលដែលដើមផ្កាចំនួន ៣០០ដើម បានរីកព្រមគ្នា ធ្វើឲ្យទីក្រុងចាស់មួយនេះ ប្រែក្លាយជាសមុទ្រផ្កាពណ៌ស៊ីជម្ពូរ ។
ដើមផ្កាសាគូរ៉ាដំបូងគេ ត្រូវបានដាំនៅទីក្រុង Bonn កាលពីឆ្នាំ ១៩៨៦ ហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ វាបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ ។
ភ្ញៀវទេសចររាប់ម៉ឺននាក់ បានធ្វើដំណើរមកកាន់ទីក្រុង Bonn ជារៀងរាល់ឆ្នាំ ដើម្បីទស្សនាផ្ការីកសាគូរ៉ា ហើយភ្ញៀវទេសចរខ្លះទៀត បានមកពីក្រៅប្រទេសផងដែរ ។
តាមធម្មតា អ្នកស្រុក និងភ្ញៀវទេសចរ អាចកម្សាន្តសប្បាយជាមួយផ្កាសាគូរ៉ារយៈពេល ២សប្តាហ៍ បើទោះបីជាអាកាសធាតុក្តៅ ឆាប់ធ្វើឲ្យបញ្ចប់ការរីករបស់ផ្កាសាគូរ៉ាក៏ដោយ ។
អ្នកស្រី Dorisដែលជាភ្ញៀវទេសចរមួយរូប និយាយថា គាត់មកពីទីក្រុង Bornheim ហើយនេះគឺជាលើកដំបូងហើយដែលគាត់បានមកទីនេះ បើទោះបីជារូបគាត់រស់នៅមិនឆ្ងាយពីទីនេះក៏ដោយ ។
អ្នកស្រីបន្តថា វាពិតជាស្រស់ស្អាតខ្លាំងណាស់ គាត់ធ្លាប់តែឃើញផ្កាសាគូរ៉ាលើកញ្ចក់ទូរទស្សន៍នៅជប៉ុន ។ នៅជប៉ុនផ្កាទាំងអស់នេះ ច្រើនតែមានពណ៌ស ប៉ុន្តែនៅទីនេះវាមានពណ៌ស៊ីជម្ពូរ វាពិតជាអស្ចារ្យខ្លាំងណាស់ ៕