លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃចន្ទ (០៧ មេសា) ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដោយផ្ទាល់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បែរជាលើកឡើងថា កិច្ចពិភាក្សានៅក្នុងប្រទេសអូម៉ង់ នោះនឹងមានលក្ខណៈប្រយោលប៉ុណ្ណោះ។

នៅក្នុងសញ្ញាមួយបន្ថែមទៀតនៃផ្លូវដ៏លំបាកចំពោះកិច្ចព្រមព្រៀងណាមួយរវាងសត្រូវភូមិសាស្ត្រនយោបាយទាំងពីរនេះ លោក Trump បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើកិច្ចចរចាមិនបានសម្រេចនោះ "អ៊ីរ៉ង់នឹងមានគ្រោះថ្នាក់ខ្លាំង"។

អ៊ីរ៉ង់បន្តរុញច្រានប្រឆាំងការទាមទាររបស់លោក Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលចង់ឱ្យទីក្រុងតេអេរ៉ង់ចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែរ បើមិនដូច្នេះទេនឹងរងការវាយប្រហារ ហើយអ៊ីរ៉ង់ហាក់ដូចជាកំពុងប្រកាន់ខ្ជាប់នូវជំហរនោះដដែលកាលពីថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបង្ហោះនៅលើបណ្ដាញសង្គម X ថា កិច្ចពិភាក្សាកម្រិតខ្ពស់ "ដោយប្រយោល" នឹងត្រូវធ្វើឡើងនៅអូម៉ង់។
លោក Trump បានប្រាប់អ្នកយកព័ត៌មានអំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលដែលមកទស្សនកិច្ចថា "អាមេរិក និងអ៊ីរ៉ង់កំពុងមានកិច្ចចរចាដោយផ្ទាល់ដ៏ធំមួយ"។ លោកបានបដិសេធមិនបញ្ជាក់ថាកិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅទីណាទេ ប៉ុន្តែបានអះអាងពីលទ្ធភាពដែលកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេច។ គួររម្លឹកថា អាមេរិក និងអ៊ីរ៉ង់ ធ្លាប់ធ្វើការចរចាដោយប្រយោលក្នុងអំឡុងអាណត្តិលោកអតីតប្រធានាធិបតី Joe Biden ប៉ុន្តែមានការរីកចម្រើនតិចតួចប៉ុណ្ណោះ៕