ក្រុមជំនួយដ៏ធំមួយ គឺអង្គការសង្រ្គោះកុមារ Save the Children បានព្រមានថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសហៃទី កាន់តែអាក្រក់ខ្លាំងទៅៗ ដោយកងកម្លាំងសន្តិសុខដែលមិនមានថវិកាគ្រប់គ្រាន់ បានបន្តចាញ់ប្រៀបក្រុមជនអន្ធពាលប្រដាប់អាវុធដ៏មានឥទ្ធិពល ហើយរដ្ឋធានី ព័រអូប្រាំង កំពុងឈានទៅដល់ការដួលរលំ។

ក្នុងពេលបីខែដំបូងនៃឆ្នាំនេះ មនុស្សជាង ៧៨.៥០០នាក់ ត្រូវភៀសខ្លួន ដែលច្រើនជាងពីរដងនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអង្គការ Save the Children។

លោកស្រី Chantal Sylvie Imbeault ប្រធានអង្គការនេះនៅក្នុងប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ (០៨ មេសា) នេះថា "កុមារហៃទី កំពុងជាប់គាំងនៅក្នុងសុបិន្តអាក្រក់" ដោយក្រុមប្រដាប់អាវុធកំពុងរឹតបន្តឹងការក្ដោបក្តាប់របស់ពួកគេនៅក្រៅរដ្ឋធានី និងគ្រប់គ្រងតំបន់នានាស្ទើរតែទាំងអស់នៅក្នុងទីក្រុង។

ហៃទី កំពុងជួបប្រទះកំណើនអំពើហិង្សាធ្ងន់ធ្ងរ នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិពណ៌នាថាជា "ហិង្សាផ្លូវភេទដ៏រីករាលដាល"។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ១លាននាក់ ដោយជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ បានភៀសខ្លួននៅក្នុងប្រទេសហៃទី ដោយសារតែអំពើហិង្សាដែលកំពុងបន្ត៕