បាល់ទាត់៖ រឿងរ៉ាវផ្ទេរខ្សែប្រយុទ្ធស្លាប Ferran Torres ពី Manchester City ទៅកាន់ Barcelona ជិតចេញជារូបរាងហើយ ក្រោយសារព័ត៌មានធំៗនៅអឺរ៉ុបបានចុះផ្សាយភាគីក្លិបទាំង២ បានឈានដល់កិច្ចព្រមព្រៀងនៅក្នុងការផ្ទេរដែលមានតម្លៃជាង ៦០លានដុល្លារអាមេរិក។

បើតាមសារព័ត៌មាន SkySport ឱ្យដឹងថា ក្រៅពីក្លិបទាំងពីរឈានដល់កិច្ចព្រមព្រៀងហើយនោះ បញ្ហាដែលកំពុងដោះស្រាយគឺពាក់ព័ន្ធនឹងប្រាក់ខែដែលកំណត់ដោយ La Liga ស្របពេលដែល Torres ផ្ទាល់ក៏យល់ព្រមទទួលបានប្រាក់បៀវត្សរ៍ទាបផងដែរ។ កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានគេគិតថាមានអនាគតវែងឆ្ងាយនៅ Etihad តាមរយៈទំរង់លេងរដូវកាលនេះដែលបង្ហាញខ្លួនបានតែ ៤ប្រកួតរកបាន ២គ្រាប់មុនពេលរបួសជាមួយក្រុមជំរើសជាតិអេស្ប៉ាញ។
យ៉ាងណាក្តី ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះត្រូវបានគេដឹងថា មានបំណងចង់ត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ រំលឹកថា Ferran Torres បានផ្លាស់មកកាន់ Manchester City កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ២៣លានអឺរ៉ូ និងបង្ហាញខ្លួនសរុបបាន ២៨ប្រកួតរកបាន ៩គ្រាប់។ ជាមួយក្រុមជំរើសជាតិអេស្ប៉ាញ Torres រកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួត៕
អត្ថបទ៖នាង សុភាវុធ