ប្រភពជំនួយបាននិយាយកាលពីថ្ងៃចន្ទ (០៧ មេសា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងបញ្ចប់ជំនួយស្បៀងអាហារដែលនៅសេសសល់ភាគច្រើនរបស់សហរដ្ឋអាមេរិក សម្រាប់អាហ្វហ្គានីស្ថាន និងយេម៉ែន នៅក្នុងអ្វីដែលកម្មវិធីអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ ព្រមានថា អាចជា "ការដាក់ទោសស្លាប់" ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

ការកាត់បន្ថយនេះគឺស្ថិតក្នុងចំណោមកម្មវិធីជំនួយជាច្រើន ដែលត្រូវបានបញ្ចប់សម្រាប់ ១៤ប្រទេស រួមទាំងសូម៉ាលី និងស៊ីរី កាលពីចុងសប្តាហ៍ ដោយក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នេះបើយោងតាមលោកស្រី Sarah Charles អតីតប្រធានការិយាល័យកិច្ចការមនុស្សធម៌របស់ USAID និងប្រភព ៩នាក់ផ្សេងទៀត។

កម្មវិធីស្បៀងអាហារ WFP របស់អង្គការសហប្រជាជាតិ បានព្រមានថា ការបញ្ចប់ការផ្តល់មូលនិធិរបស់អាមេរិកសម្រាប់ជំនួយស្បៀងអាហារគ្រាអាសន្ន "អាចក្លាយជាការកាត់ទោសស្លាប់សម្រាប់មនុស្សរាប់លាននាក់ ដែលប្រឈមនឹងភាពអត់ឃ្លានខ្លាំង" ហើយបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយរដ្ឋបាលលោក Trump សម្រាប់ព័ត៌មានបន្ថែមលើរឿងនេះ។

ការកាត់ជំនួយនេះគឺជាផ្នែកចុងក្រោយបំផុតនៃការជំរុញរបស់រដ្ឋបាលលោក Trump ក្នុងការរុះរើទីភ្នាក់ងារ USAID ដែលជាបណ្ដាញជំនួយមនុស្សធម៌សំខាន់របស់អាមេរិក។ រដ្ឋបាលរបស់លោកបានលុបចោលកម្មវិធីសង្គ្រោះជីវិតរាប់ពាន់លានដុល្លាររួចទៅហើយ ចាប់តាំងពីប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះបានចាប់ផ្តើមអាណត្តិទីពីររបស់ខ្លួននៅថ្ងៃទី២០ ខែមករា៕