ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបាននិយាយថា ភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារ (០៨ មេសា) នេះ និងបានបញ្ចេញសំណុំផេះភ្នំភ្លើង ដែលមានកម្ពស់ប្រហែល ៤គីឡូម៉ែត្រ យ៉ាងឃ្មួលខ្មាញ់ឡើងទៅលើផ្ទៃមេឃ ដោយបង្កឱ្យមានការអំពាវនាវឱ្យលុបចោលថ្នាក់រៀនក្នុងតំបន់។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន ហៅកាត់ថា Phivolcs បាននិយាយថា ការប្រកាសអាសន្នកម្រិត៣ នៅតែបន្តមានជាធរមាននៅលើភ្នំ Kanlaon ដែលត្រូវបានដាក់តាំងតែពីខែធ្នូ ឆ្នាំ២០២៤ មក បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះកាលពីលើកមុន។

កម្រិតប្រកាសអាសន្នទី៣ នៅលើមាត្រដ្ឋាន ៥កម្រិតនេះ មានន័យថា មានកំណើនហានិភ័យខ្លាំងនៃលំហូរកម្អែភ្នំភ្លើង និងលទ្ធភាពនៃការផ្ទុះដ៏គ្រោះថ្នាក់បន្ថែមទៀតអាចកើតមានក្នុងប៉ុន្មានប៉ុន្មានសប្តាហ៍ខាងមុខ។ ភ្នំ Kanlaon ដែលជាភ្នំភ្លើងបន្ទុះសកម្មមួយនៅជាប់ខេត្តភាគកណ្តាលនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ក៏ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងបន្ទុះសកម្មចំនួន២៤ នៅប្រទេសនេះ។
ហ្វីលីពីន មានទីតាំងស្ថិតនៅលើតំបន់ "កងភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីតាំងមួយដែលសកម្មភាពបន្ទុះភ្នំភ្លើង និងការរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅទីនោះ៕
