ការប្រយុទ្ធគ្នាត្រូវបានរាយការណ៍ថាបន្តកើតមាននៅមីយ៉ាន់ម៉ា បើទោះបីជារបបសឹក និងសម្ព័ន្ធក្រុមឧទ្ទាម បានប្រកាសបទឈប់បាញ់បណ្តោះអាសន្នមួយដើម្បីគាំទ្រដល់ការសង្គ្រោះគ្រោះរញ្ជួយដីក៏ដោយ។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន យោធាបានវាយប្រហារយ៉ាងហោចណាស់ ១៤លើក ចាប់តាំងពីបទឈប់បាញ់ នេះបើយោងតាមរបាយការណ៍ដែលទទួលបានដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

យោធាបានចោទក្រុមឧទ្ទាមពីរក្រុម ដែលប្រកាសបទឈប់បាញ់ ២០ថ្ងៃ ថាបានបើកការវាយប្រហារ ខណៈក្រុមឧទ្ទាមមួយបាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាការឆ្លើយតបទៅនឹង "ការវាយលុក" ដោយយោធា។

ទន្ទឹមនឹងនេះ ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទ (០៧ មេសា) ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ៧,៧រ៉ិចទ័រដ៏ធំរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃ២៨ មីនា បានបន្តកើនឡើងដល់តួលេខ ៣.៦០០នាក់ ខណៈក្រុមសង្គ្រោះនៅតែបន្តស្វែងរកសាកសពបន្ថែមទៀត ដោយមនុស្សរាប់រយនាក់បន្តបាត់ខ្លួន និងជាង ៥ពាន់នាក់របួស។

កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅតំបន់ Sagaing បានប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើន ដោយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ មិនអាចដំណើរការទៅមុខបានទេ បើមិនមានរយល់ព្រមពីរបបសឹក ហើយអ្នកស្រុកកំពុងខ្វះខាតជំនួយយ៉ាងខ្លាំង។ ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា មុនការរញ្ជួយដីកើតឡើង មនុស្សជិត ២០លាននាក់នៅក្នុងសហគមន៍នេះ កំពុងត្រូវការជំនួយយ៉ាងខ្លាំងរួចទៅហើយ៕